(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នា ស្ដីពី ដំណើរឈុតដង្ហែគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ ពីចក្រភពអង់គ្លេស ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយគណៈប្រតិភូក្រសួងវប្បធម៌។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមគ្នា ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្រោយពេលមកដល់ព្រលានយន្តហោះអន្ដរជាតិភ្នំពេញ ឈុតគ្រឿងអលង្ការមាស ដែលរតនវត្ថុ ដ៏មានតម្លៃវិសេសវិសាល និងជាដួងព្រលឹងនៃបុព្វបុរសខ្មែរ ត្រូវបានបើកបង្ហាញជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ឲ្យបានគោរពប្រណិប័តន៍ និងបន្ទាប់មកត្រូវបានដង្ហែទៅកាន់សារមន្ទីរជាតិភ្នំពេញ ដោយមានទទួលស្វាគមន៍ និងអមដំណើរពីប្រជាជនកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់»។
ភាពជោគជ័យនេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ក៏ដូចជាភាពហ្មត់ចត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារដួងព្រលឹងវប្បធម៌ជាតិ តាមរយៈផ្ដល់ការការពារ អភិរក្ស អភិវឌ្ឍន៍ ក៏ដូចជា បន្ដឃ្លាំមើលនូវលទ្ធភាពនានា ដើម្បីទាមទារយកមកវិញ នូវរតនវត្ថជាច្រើនផ្សេងទៀត ដែលបាត់បង់នាពេលកន្លងទៅ ដោយសារភ្លើងសង្គ្រាម។
ក្រោមម្លប់សន្ដិភាព ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលមកវិញ នូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន៖ បដិមាថ្ម, គ្រឿងអលង្ការសំរឹទ្ធ, ឆ្អឹងសពបុរាណ, ព្រះពុទ្ធបដិមា, សិលាស្លឹករឹត និងវត្ថុតូចធំមួយចំនួនទៀត ដែលបានប្រគល់ស្ម័គ្រចិត្ត ពីសំណាក់ប្រទេសផ្សេងៗ រួមមាន៖ បារាំង, អាមេរិក, អូស្ដ្រាលី, ថៃ, ស្វីស, ហូឡង់ដ៍ និងជប៉ុន។
ក្រៅពីនោះ ក៏មានការប្រគល់ដោយស្ម័គ្រចិត្តពីសប្បុរសជនជាតិ និងអន្ដរជាតិ ជាបន្ដបន្ទាប់ ដែលនេះបង្ហាញឲ្យឃើញពីការវិវឌ្ឍនដោយវិជ្ជមាននៃសិល្បៈ និងវប្បធម៌កម្ពុជា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ គ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ត្រូវបានប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញទៅដង្ហែពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសត្រឡប់មកមាតុភូមិវិញ។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលព័ត៌មានថា ភ្នាក់ងារលក់វត្ថុបុរាណមួយ ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ បានប្រកាសដាក់លក់វត្ថុបុរាណជាច្រើន ដែលក្នុងនោះរួមមានឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ថ្ម ដែលត្រូវបានបញ្ចាក់ថា ជាវត្ថុបុរាណរបស់ជាតិកម្ពុជា។
ភ្លាមបន្ទាប់ពីទទួលបានដំណឹង ដំណើរការនៃការស្នើសុំទាមទារយកមកវិញនូវ វត្ថុបុរាណដ៏កម្រនេះ ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការជាមួយនឹង រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស តាមរយៈស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស រួមជាមួយមន្ត្រីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាលទ្ធផល ភ្នាក់ងារលក់វត្ថុបុរាណបានស័្មគ្រចិត្តប្រគល់ ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
គ្រឿងអលង្ការមាសសម្រាប់លម្អលើ រូបចម្លាក់នាសម័យអង្គរ ដែលទាមទារបានដោយជោគជ័យយកមកវិញនេះ សរុបរួមមាន១០មុខ ហើយត្រូវបានក្រុមអ្នកជំនាញបុរាណវត្ថុជាតិ និងអន្តរជាតិចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដ៏វិសេសវិសាល និងពុំអាចកាត់ថ្លៃបាន។ សម្បត្តិទាំងនេះជាផ្នែកមួយ នៃដួងព្រលឹងរបស់បុព្វបុរសខ្មែរពិតៗ ដែលស្ថិតនៅទូទាំងពិភពលោក ហើយត្រូវបានយាងត្រឡប់ មកកាន់មាតុភូមិវិញជាបន្តបន្ទាប់ ក្នុងសម័យកាលដែលជាតិយើង បានទទួលនូវសុខសន្តិភាពពេញបរិបូណ៌៕