(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា រួមជាមួយមន្រ្តីរាជការក្រោមឱវាទទាំងអស់ សូមសម្តែងអបអរសាទរយ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូមតិ និងតាមផ្លូវច្បាប់រហូតទទួលបានមកវិញ នូវគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ពីការដាក់ចេញថ្លៃលក់ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា «នេះជាមោទភាពជាតិមួយទៀត សម្រាប់ប្រជាពលរដ្ឋទាំងមូល ដែលកម្ពុជាបានទទួលនូវវត្ថុបុរាណរបស់ខ្លួន នាសម័យអង្គរ មកគ្រប់គ្រងវិញ បន្ទាប់ពីក្រុមទុច្ចរិតបានលួចជួញដូរ យកទៅដាក់លក់ដេញថ្លៃ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ការងារដ៏ជោគជ័យមួយនេះ បានកើតចេញមកពីការដឹកនាំដ៏ប៉ិនប្រសព្វ និងមានការណែនាំផ្លូវយ៉ាងមានប្រសិទ្ធភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតទទួលបានមកវិញ យកមករក្សាទុកនៅសារមន្ទីរជាតិ»។
ក្រោយពេលមកដល់ព្រលានយន្តហោះអន្ដរជាតិភ្នំពេញ ឈុតគ្រឿងអលង្ការមាស ដែលរតនវត្ថុ ដ៏មានតម្លៃវិសេសវិសាល និងជាដួងព្រលឹងនៃបុព្វបុរសខ្មែរ ត្រូវបានបើកបង្ហាញជូនអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ឲ្យបានគោរពប្រណិប័តន៍ និងបន្ទាប់មកត្រូវបានដង្ហែទៅកាន់សារមន្ទីរជាតិភ្នំពេញ ដោយមានទទួលស្វាគមន៍ និងអមដំណើរពីប្រជាជនកម្ពុជា យ៉ាងច្រើនសន្ធាក់សន្ធាប់។ ភាពជោគជ័យនេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ក៏ដូចជាភាពហ្មត់ចត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារដួងព្រលឹងវប្បធម៌ជាតិ តាមរយៈផ្ដល់ការការពារ អភិរក្ស អភិវឌ្ឍន៍ ក៏ដូចជា បន្ដឃ្លាំមើលនូវលទ្ធភាពនានា ដើម្បីទាមទារយកមកវិញ នូវរតនវត្ថជាច្រើនផ្សេងទៀត ដែលបាត់បង់នាពេលកន្លងទៅ ដោយសារភ្លើងសង្គ្រាម។
ក្រោមម្លប់សន្ដិភាព ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលមកវិញ នូវវត្ថុបុរាណខ្មែរជាច្រើនរួមមាន៖ បដិមាថ្ម, គ្រឿងអលង្ការសំរឹទ្ធ, ឆ្អឹងសពបុរាណ, ព្រះពុទ្ធបដិមា, សិលាស្លឹករឹត និងវត្ថុតូចធំមួយចំនួនទៀត ដែលបានប្រគល់ស្ម័គ្រចិត្ត ពីសំណាក់ប្រទេសផ្សេងៗ រួមមាន៖ បារាំង, អាមេរិក, អូស្ដ្រាលី, ថៃ, ស្វីស, ហូឡង់ដ៍ និងជប៉ុន។ ក្រៅពីនោះ ក៏មានការប្រគល់ដោយស្ម័គ្រចិត្តពីសប្បុរសជនជាតិ និងអន្ដរជាតិ ជាបន្ដបន្ទាប់ ដែលនេះបង្ហាញឲ្យឃើញពីការវិវឌ្ឍន៍ដោយវិជ្ជមាននៃសិល្បៈ និងវប្បធម៌កម្ពុជា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ គ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ត្រូវបានប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញទៅដង្ហែពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសត្រឡប់មកមាតុភូមិវិញ។
គ្រឿងអលង្ការមាសសម្រាប់លម្អលើ រូបចម្លាក់នាសម័យអង្គរ ដែលទាមទារបានដោយជោគជ័យយកមកវិញនេះ សរុបរួមមាន១០មុខ ហើយត្រូវបានក្រុមអ្នកជំនាញបុរាណវត្ថុជាតិ និងអន្តរជាតិចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដ៏វិសេសវិសាល និងពុំអាចកាត់ថ្លៃបាន។ សម្បត្តិទាំងនេះជាផ្នែកមួយ នៃដួងព្រលឹងរបស់បុព្វបុរសខ្មែរពិតៗ ដែលស្ថិតនៅទូទាំងពិភពលោក ហើយត្រូវបានយាងត្រឡប់ មកកាន់មាតុភូមិវិញជាបន្តបន្ទាប់ ក្នុងសម័យកាលដែលជាតិយើង បានទទួលនូវសុខសន្តិភាពពេញបរិបូណ៌៕