(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានទាត់ចោលការចោទប្រកាន់ និងការបំផ្លើសព័ត៌មានទាំងឡាយ របស់ជនអគតិមួយចំនួន ពាក់ព័ន្ធដំណើរការរៀបចំការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប បានឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានការបំផ្លើសព័ត៌មានរបស់ជនអគតិមួយចំនួន ដែលវាយប្រហារមកលើស្ថាប័ន គ.ជ.ប ពាក់ព័ន្ធបញ្ហាចំនួន២ រួមមាន៖ ទី១-អំពីឯករាជ្យភាព អព្យាក្រឹត្យភាព និងយុត្តិធម៌របស់ គ.ជ.ប និងទី២-អំពីបដិវត្តន៍ពណ៌។
សម្រាប់ដំណើរការងារបោះឆ្នោត ត្រូវបាន គ.ជ.ប អះអាងថា ជំហរដឹកនាំរបស់ គ.ជ.ប ថ្មីៗនេះ ទោះជាសមាសភាពមកពីមជ្ឈដ្ឋានណាក៏ដោយ ក៏ត្រូវតែរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវបំផុត ស្របតាមច្បាប់កំណត់។ គ្មានបុគ្គលណាមួយ សមាសភាពណា អង្គការណា អង្គភាពណា បរទេសណា អាចមកដាក់សម្ពាធ ឬប្រទាញ គ.ជ.ប ឲ្យអនុវត្តប្រាសចាកពីគិតច្បាប់ ក្នុងការរៀបចំការបោះឆ្នោតនេះបានឡើយ។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ ដោយសារតែជំហរឥតងាករេពីគិតច្បាប់ និងយុត្តិធម៌នេះហើយ ទើបលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧កន្លងមក ត្រូវបានគ្រប់ភាគីពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងនោះ បានវាយតម្លៃយ៉ាងត្រឹមត្រូវថា ជាការបោះឆ្នោតគួរឲ្យជឿទុកចិត្តបាន និងល្អជាងការបោះឆ្នោតមុនៗ។
សម្រាប់បញ្ហាពាក់ព័ន្ធនូវបដិវត្តពណ៌វិញ ត្រូវបានស្ថាប័នឯករាជ្យមួយនេះ លើកឡើងថា បានកើតឡើងនៅក្នុងពិភពលោករាប់ទសវត្សរ៍មកហើយ និងមានប្រទេសជាច្រើន នៅលើពិភពលោក បានរងគ្រោះដោយសារបដិវត្តន៍ពណ៌នេះ។ នៅក្នុងសម័យកាល Internet បច្ចុប្បន្ននេះ មិនខ្វះទេ នូវព័ត៌មានដែលបានសិក្សា វាយតម្លៃ និងផ្សព្វផ្សាយអំពីផលវិបាក នៃបដិវត្តន៍ពណ៌នេះ។
ខាងក្រោមនេះជាខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសព័ត៌មាន គ.ជ.ប ៖