(វ៉ាស៊ីនតោន)៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងជាមនុស្សជំនិតម្នាក់របស់លោក ដូណាល់ ត្រាំ គឺលោក Michael Flynn បានសារភាពពីទោសកំហុសហើយ ពាក់ព័ន្ធនឹងការ ធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ ទៅឱ្យការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ស្ដីពីជំនួបជាមួយអគ្គរដ្ឋទូតរុស្ស៊ី ប៉ុន្មានសប្ដាហ៍មុននឹងលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។
ការចោទប្រកាន់លើ លោក Michael Flynn ត្រូវបានធ្វើឡើងដោយអគ្គរដ្ឋអាជ្ញាពិសេស លោក Robert Mueller នៅក្រោមក្របខណ្ឌនៃការស៊ើបអង្កេតរបស់លោក ជុំវិញរឿងអាស្រូវ នៃការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ ពីសំណាក់រុស្ស៊ី។ លោក Flynn ជាអតីតមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ នៃរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបាន ចោទប្រកាន់ជាផ្លូវការ។ ក៏ប៉ុន្តែអ្វីគួរឱ្យកត់សម្គាល់នោះគឺថា អតីតទីប្រឹក្សាសន្តិសុខអាមេរិករូបនេះ ក៏បានទម្លាយដែរថា លោកបាននិងកំពុងសហការជាមួយក្រុមស៊ើបអង្កេតរបស់ លោក Mueller។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ពី លោក Michael Flynn ផ្ញើជូនក្រុមរដ្ឋអាជ្ញា ហាក់ដូចជាបានបង្ហាញថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀតមានជាប់ពាក់ព័ន្ធ នឹងសំណុំរឿង រុស្ស៊ីនេះដែរ ហើយបើទោះជាលោកមិនបានបញ្ចេញឈ្មោះក៏ដោយ តែសារព័ត៌មានអាមេរិកជាច្រើនយល់ថា មន្ត្រីម្នាក់នេះអាចជាកូនប្រសារប្រុស លោក ត្រាំ គឺលោក Jared Kushner៕