(បន្ទាយមានជ័យ)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយនឹងអភិបាលរងខេត្ត យូណាន់ ប្រទេសចិនជាជាខេត្តសម្ព័ន្ធមេត្រីភាព ជាមួយខេត្តបន្ទាយមានជ័យ របស់កម្ពុជា នាពេលថ្មីៗនេះ លោកអភិបាលខេត្តបន្ទាយមានជ័យ សួន បវរ បានស្នើឲ្យចំនួន៥ចំណុចសំខាន់ ទៅកាន់ភាគីចិនដើម្បីឲ្យជួយដល់កម្ពុជា ក្នុងមានការស្នើឲ្យជំរុញវិនិយោគិនចិន មកវិនិយោគ និងជួយទិញកសិកផល នៅខេត្តបន្ទាយមានជ័យផងដែរ។
គណៈប្រតិភូខេត្តបន្ទាយមានជ័យ បានបំពេញបេសកកម្មផ្លូវការមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលដឹកនាំដោយ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងបង្ហាញ អំពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង សម្ព័ន្ធមេត្រីភាពថ្នាក់ខេត្តរវាងខេត្តបន្ទាយមានជ័យ និងខេត្តយូណាន់ រយៈពេល០៥ឆ្នាំ (០៦/១២/២០១១-០៦/១២/២០១៦) អំណោយរបស់ខេត្តយូណាន់ ដែលមានទឹកប្រាក់សរុបប្រមាណ ៣,៥៥៦,៦៦៦ដុល្លាអាមេរិក និងបន្តកិច្ចព្រមព្រៀងស្តីពីការបង្កើតចំណងមិត្តភាពថ្នាក់ខេត្ត០៥ឆ្នាំ (០៦/១២/២០១៧-០៦/១២/២០២២) ដើម្បីជំរុញការអភិវឌ្ឍលើវិស័យសំខាន់ៗមានដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ អប់រំ យុវជន និងកីឡា៘
ក្នុងកិច្ចជំនួបពិភាគ្សារវាង ប្រតិភូខេត្តជាមួយ លោក ចេន ស៊ុន (Chen Sun) អភិបាលរងខេត្តយូណាន់ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក សួន បវរ បានលើកសំណូមពរចំនួន០៥ ជូនដល់អភិបាលខេត្តយូណាន់មាន៖
១៖ សុំបន្តជួយគម្រោងឧទ្យានគំរូមិត្តភាពវិទ្យាសាស្រ្ត និងបច្ចេកទេសកសិកម្មនៅស្រុកម៉ាឡៃ។
២៖ សុំជួយបណ្តុះបណ្តាលបច្ចេកទេស ផ្នែកមន្ទីរពិសោធន៍ដី នៅសាកលវិទ្យាល័យមានជ័យ។
៣៖ សុំជួយសាងសង់មជ្ឈមណ្ឌលកីឡា នៅក្រុងសិរីសោភ័ណដោយសុំឲ្យ ក្រុមហ៊ុនសំណង់ ខេត្តយូណាន់ជួយសិក្សា និងសាងសង់។
៤៖ សុំបន្តជួយផ្តល់អាហារូបករណ៍ ដល់និស្សិតខេត្តបន្ទាយមានជ័យ ឲ្យបានច្រើនជាង០២នាក់ក្នុងមួយឆ្នាំៗ។
៥៖ សុំជួយជំរុញឲ្យអ្នកវិនិយោគទុនចិន មកសិក្សានិងវិនិយោគ នៅខេត្តបន្ទាយមានជ័យ និងជួយទិញផលិតផលកសិកម្មរបស់ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក ចេន ស៊ុន អភិបាលរងខេត្តយូណាន់ បានទទួលយកនូវរាល់សំណូមពរ របស់អភិបាលខេត្ត ដើម្បីដាក់ជូនទៅរដ្ឋាភិបាលចិន និងមន្ទីរពាក់ព័ន្ធធ្វើការពិនិត្យ និងសំរេចអំពីសំណូមពរខាងលើ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សួន បវរ បានអនុញ្ញាតឲ្យនិស្សិតអាហារូបករណ៍ខេត្តចំនួន០៨រូបក្នុងចំណោមនិស្សិតខ្មែរ កំពុងសិក្សានៅទីក្រុងគុនមិញ ជិត១០០នាក់ បានជួបសំណេះសំណាល និងសួរសុខទុក្ខ៕