(ភ្នំពេញ)៖ បន្ទាប់ពីបានបញ្ចប់ការអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងបក្សនយោបាយលើពិភពលោក ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ព្រមទាំងបានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីមហាអំណាចចិន, ដោយនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងគណៈប្រតិភូ បានធ្វើដំណើរចាកចេញពី ទីក្រុងប៉េកាំងហើយ ដោយគ្រោងនឹងមកដល់ខេត្តសៀមរាមនៅវេលាម៉ោង១រសៀលថ្ងៃនេះ។
នៅតាមបណ្តាញ Facebook, សម្តេចបានមានប្រសាសន៍ថា៖ «នៅព្រឹកថ្ងៃទី២ ខែធ្នូនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០១៧។ តាមការគ្រោងទុកខ្ញុំនឹងទៅដល់ក្រុងសៀមរាប នៅម៉ោង១៖០០នាទីរសៀល ម៉ោងនៅប្រទេសកម្ពុជា។ ខ្ញុំសូមអញ្ជើញបងប្អូនជនរួមជាតិ ចូលរួមក្នុងពិធីបុណ្យនេះឲ្យបានច្រើនកុះករ និងសូមជូនពរបងប្អូនជួបតែសេចក្ដីសុខ សំណាងល្អ និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា»៕
ទស្សនាវិដេអូការថ្លែងសុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលប្រមាណ៧នាទី៖