(បង់ក្លាដែស)៖ ខ្ញុំពិតជាមានក្តីត្រេកអរខ្លាំងក្រៃលែង ក្នុងការធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់ព្រះរាជាណាចក្រកម្ពុជា ក្រោមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ នៅមុនដំណើរទស្សនកិច្ចរយៈពេល ០៣ថ្ងៃរបស់ខ្ញុំ (ចាប់ពីថ្ងៃទី០៣ ដល់០៥ ខែធ្នូ ឆ្នាំ២០១៧) តាំងនាមឲ្យជនរួមជាតិបង់ក្លាដែស និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងគារវកិច្ចដោយស្មោះអស់ពីបេះដូង ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងមូល។
បង់ក្លាដែស និងកម្ពុជា មានទំនាក់ទំនងយ៉ាងល្អប្រសើរនឹងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ ការគោរពគ្នាទៅវិញទៅមក ក៏ដូចជាវប្បធម៌ និងប្រវត្តិសាស្រ្តចែករំលែកគ្នា ព្រមទាំងទំនៀមទំលាប់ និងគុណតម្លៃដូចគ្នា។ ខ្ញុំនឹករលឹកឃើញពីទិដ្ឋភាព នៃជំនួបរបស់ខ្ញុំជាមួយនិងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអំឡុងដំណើរទស្សនកិច្ចរបស់លោក មកកាន់បង់ក្លាដែស កាលពីទី១៦ ដល់ទី១៨ ខែមិថុនា ឆ្នាំ២០១៤។
ទោះបីជាប្រជាជាតិទាំង២ មានភូមិសាស្រ្តមិនឆ្ងាយពីគ្នាប៉ុន្មានក្តី ប្រជាជននៃប្រទេសទាំងពីរ ធ្លាប់មានគន្លាតដ៏ធំមួយរវាងគ្នា។ តែដំណើរទស្សនកិច្ចរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួយបង្រួមគន្លាតនោះបានយ៉ាងច្រើន តាមរយៈការកើនឡើងនៃទំនាក់ទំនងរវាងពលរដ្ឋ ជាពិសេសនោះគឺធុរជន នៃប្រទេសយើងទាំងពីរ។
ប្រជាជនបង់ក្លាដែស និងកម្ពុជា ធ្លាប់ឆ្លងកាត់អំពើសាហាវឃោរឃៅផ្សេងៗ ស្ទើរតែស្រដៀងគ្នា ហើយទន្ទឹមនឹងនោះបានព្យាយាមស្វែងរកសិទ្ធិស្វ័យសម្រេចរបស់ខ្លួន។ បច្ចុប្បន្ន បង់ក្លាដែស កំពុងដើរនៅលើដងផ្លូវអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព ទាក់ទិននឹងវឌ្ឍនភាពនៃវិស័យសង្គម-សេដ្ឋកិច្ច ដូចទៅនឹងប្រទេសកម្ពុជាដែរ។ ដោយបានជម្នះលើឧបសគ្គជាច្រើនរាប់មិនអស់ បង់ក្លាដែស បាននិងកំពុងក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាប ជាមួយនិងសេដ្ឋកិច្ចជាតិយ៉ាងនឹងនរ។ ខ្ញុំក៏រីករាយផងដែរ ដែលបានមើលឃើញថា កម្ពុជាសព្វថ្ងៃក៏ជាប្រទេសចំណូលមធ្យមកម្រិតទាបដូចគ្នា ជាមួយនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
យ៉ាងណាមិញ ដំណើរផ្សងព្រេងរបស់បង់ក្លាដែស ពុំមានភាពរលូនឡើយ ហើយមានឧបសគ្គ និងគ្រោះថ្នាក់ជាច្រើនថែមទៀត។ បង់ក្លាដែស បានចាប់កំណើតតាមរយៈសង្រ្គាមបង្ហូរឈាមមួយ ដែលដឹកនាំដោយបិតាស្ថាបនិកជាតិ លោក Sheikh Mujibur Rahman។ មនុស្សប្រមាណ៣លាននាក់ បានពលីជីវិតរបស់ពួកគេ និងស្រី្តភេទប្រហែល២សែននាក់ បានបាត់បង់កិត្តិយសរបស់ពួកគេ នៅក្នុងសង្រ្គាមនេះ។ គុណតម្លៃនៃមនោគមន៍វិជ្ជាមិនកាន់សាសនា ត្រូវបានជំនួសដោយមនោគមន៍វិជ្ជា បែបចម្រុះដ៏ផ្ទុយស្រឡះមួយផ្សេងទៀត។ ប្រជាជាតិទាំងមូល មិនបានមានការយល់ឃើញដូចគ្នា ចំពោះដំណើរប្រែប្រួលនេះឡើយ ដោយអ្នកខ្លះថែមទាំងប្រឆាំងនឹងឯករាជ្យភាពរបស់បង់ក្លាដែសទៀតផង។
នៅក្នុងរយៈពេល ០៣ឆ្នាំកន្លះនៃការទទួលបានឯករាជ្យ ឪពុករបស់ខ្ញុំព្រមទាំងបិតាស្ថានិក Sheikh Mujibur Rahman ត្រូវបានគេលួចធ្វើឃាត រួមជាមួយនិងសមាជិកគ្រួសារ១៨នាក់ផ្សេងទៀត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៥ ខណៈប្រទេសដែលត្រូវបានហែកហួរដោយសង្រ្គាមនេះ កំពុងឆ្លងកាត់ដំណាក់កាល នៃការស្ថាបនាឡើងវិញដ៏ធំមួយ។ រូបខ្ញុំនិងប្អូនស្រី Rehana បានរួចរស់ជីវិតដោយសារតែពួកយើងទាំងពីរ ស្ថិតនៅឯក្រៅប្រទេស។
អ្នកដែលប្រឆាំងនឹងការបង្កើតប្រទេសបង់ក្លាដែស បានក្លាយជាដៃគូនៃរដ្ឋអំណាច ក្រោយការធ្វើឃាតឪពុករបស់ខ្ញុំ។ និមិត្តរូបនៃឯករាជ្យជាតិ និងសង្រ្គាមដើម្បីសេរីភាពត្រូវរងការវាយប្រហារ។ ប្រជាជនបង់ក្លាដែសបានរស់នៅក្រោមការដឹកនាំរបស់របបយោធា អស់រយៈពេលច្រើនជាងពីរទសវត្សរ៍។ ការផ្សំគំនិតទំាងនៅក្នុងស្រុក និងបរទេសធ្វើឱ្យបង់ក្លាដែសមិនអាច មានការលូតលាស់ឡើយក្នុងការរក្សាដែនអធិបតេយ្យភាព និងភាពថ្លៃថ្នូររបស់ខ្លួន។
០៦ឆ្នាំបន្ទាប់ពីរស់នៅនិរទេសខ្លួន ខ្ញុំបានត្រឡប់មកប្រទេសកំណើតវិញនៅឆ្នាំ១៩៨១ ហើយចាប់ផ្ដើមធ្វើសកម្មភាព ដើម្បីស្ដារឡើងវិញនូវសិទ្ធិជាមូលដ្ឋាន និងលទ្ធិប្រជាធិតេយ្យនៃ ប្រជាជនបង់ក្លាដែស។ យើងបានបង្កើតរដ្ឋាភិបាលនៅឆ្នាំ១៩៩៦។ មួយវិញទៀត ក្រោយផ្អាកសកម្មភាពអស់៥ឆ្នាំ គណបក្ស Bangladesh Awami League របស់ខ្ញុំបានទទួលជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៨ ព្រមទាំងអាចបន្តគ្រប់គ្រងរដ្ឋាភិបាល សម្រាប់ពីរអាណត្តិជាប់ៗគ្នា។
បង់ក្លាដែសគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ជាទីដែលការរស់នៅរបស់ប្រជាជន ពឹងផ្អែកលើការដំាដុះ និងបំណងរបស់ធម្មជាតិ។ ធនធានធម្មជាតិ គឺកម្រ។ ចំណែកឯការដើរមកដល់កំណើន សេដ្ឋកិច្ចបច្ចុប្បន្ន និងការកើនឡើងសន្ទស្សន៍សង្គមសេដ្ឋកិច្ច អាចធ្វើទៅបានអាស្រ័យលើការរីកចំរើន នៃកម្លាំងនយោបាយប្រជាធិបតេយ្យ ការតស៊ូរបស់ប្រជាជនភាពក្លាហាន និងយុទ្ធសាស្ត្រ។
តើស្ដង់ដាររស់នៅរបស់ប្រជាជនបង់ក្លាដែស កាលពីមួយទសវត្សរ៍មុនមានការវិវឌ្ឍយ៉ាងដូចម្ដេច? អត្រាភាពក្រីក្រមាន ៤១.៥ភាគរយ ក្នុងឆ្នាំ២០០៥ តែបានធ្លាក់ចុះមកនៅត្រឹម ២២ភាគរយ នាពេលបច្ចុប្បន្ន ខណៈប្រាក់ចំណូលក្នុងមនុស្សម្នាក់បានកើនពី ៥៤៣ដុល្លារ ក្នុងឆ្នាំ២០០៥ ដល់ ១,៦១០ដុល្លារ។ ជាងនេះទៅទៀត គេក៏រំពឹងទុកដែរថា អត្រាភាពក្រីក្រ នឹងបន្តធ្លាក់ចុះមកត្រឹម១៦ភាគរយ ដល់ ១៧ភាគរយនៅឆ្នាំ២០២១។
ចំណាត់ថ្នាក់បង់ក្លាដែស មានភាពល្អប្រសើរជាងមុន ស្ថិតនៅក្នុងចំណោមប្រទេសក្បែរខាង ក្នុងតំបន់អាស៊ីខាងត្បូង ទាក់ទិន នឹងអតា្រមរណៈរបស់មាតា និងទារក រួមទាំងអត្រាសង្ឃឹមរស់។ អត្រាមរណៈទារក ត្រូវបានកាត់បន្ថយមកនៅត្រឹម ២៨នាក់ ក្នុងចំណោម១,០០០នាក់ រីឯអត្រាមរណមាតានៅត្រឹម ១.៧នាក់ក្នុងចំណោម ១,០០០នាក់ ហើយអត្រាកំណើតសរុបបានធ្លាក់ចុះពី ៣.៤ ដល់ ២.៣ភាគរយ។ អត្រាសង្ឃឹមរស់បាន កើនឡើងពី ៦៨ឆ្នាំ ដល់ ៧២ឆ្នាំ ក្នុងរយៈពេលតែ ០៨ឆ្នាំប៉ុណ្ណោះ។
កាលពីឆ្នាំមុន GDP របស់យើងកើនឡើង ៧.២៨ភាគរយ ហើយអតិផរណានៅក្រោម៦ភាគរយ ដែលជាសក្ខីកម្មបង្ហាញពីភាពរឹងមំា នៃសេដ្ឋកិច្ចរបស់យើង ស្របពេលសន្តិសុខ ស្បៀងអាហារសម្រាប់ប្រជាជន ១៦០លាននាក់ ត្រូវបានធានា។ បង់ក្លាដែសបានឈរនៅលំដាប់កំពូល ក្នុងចំណោមបណ្ដាប្រទេសអាស៊ីខាងត្បូង សមភាពយែនដឺ បីឆ្នាំជាប់ៗគ្នា ដោយឈរនៅលេខរៀងទី០៧ ក្នុងចំណោម ១៤៤ប្រទេស។
តំបន់ជនបទនៃប្រទេសបង់ក្លាដែស ត្រូវបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដែលធ្វើឡើងជាលក្ខណៈបណ្តាញពីភូមិមួយ ទៅភូមិមួយជាចង្កោម ទោះបីជានៅតំបន់ដាច់ស្រយាលក៏ដោយ។ ផ្ទះធ្វើឡើងពីសំណប៉ាហាំង ដែលដាក់រៀបជាមួយសំណាញ់ ត្រូវបានកសាងឡើងជំនួសឲ្យការប្រើថ្ម។ អំពូលភ្លើងបំភ្លឺពេលយប់ ត្រូវបានពង្រាយនៅតាមភូមិនានា ដែលជាហេតុនាំឲ្យបណ្តាញអគ្គីសនី ទៅដល់គ្រប់កន្លែង។ ផ្ទះប្រមាណ៤.៥ខ្នង មានថាមពលពន្លឺព្រះអាទិត្យប្រើប្រាស់ ទោះបីជាពុំទាន់មានខ្សែបណ្តាញអគ្គិសនីតទៅដល់ក៏ដោយ។
រដ្ឋាភិបាលរបស់យើង បានលើកទិសដៅជួរមុខ ចំពោះការអភិវឌ្ឍធនធានមនុស្ស តាមរយៈការធានាឲ្យបាននូវការអប់រំល្អ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កុមារជាច្រើននាក់ កំពុងតែសិក្សានៅតាមសាលារៀន ដែលពីមុនគឺមានតិចតួចបំផុត។ ប្រាក់ឧបត្ថម្ភពិសេសត្រូវបានបង្កើតឡើង ជូនដល់សិស្សនារី ដែលមានជីវភាពរស់នៅលំបាក ហើយការអប់រំក្មេងៗស្រីទាំងនោះ គឺធ្វើឡើងដោយឥតគិតថ្លៃ។ សៀវភៅសិក្សាឥតគិតថ្លៃ ត្រូវបានចែកចាយ ក្នុងចំណោមសិស្ស រហូតដល់កម្រិតសិក្សាមធ្យម ចាប់ពីឆ្នាំដំបូងនៃការសិក្សា។ បន្ថែមពីនេះភូមិឋានដែលនៅឆ្ងាយៗ ត្រូវបានភ្ជាប់បណ្តាញឌីជីថល។
រដ្ឋាភិបាលរបស់ខ្ញុំ ដាក់ប្រទេសបង់ក្លាដែស ទៅក្នុងគោលជំហររឹងមាំ និងស្ថិតស្ថេរ។ ខ្ញុំតែងតែលើកឡើងថា ភាពក្រីក្រគឺជាសត្រូវធំបំផុតរបស់មនុស្សជាតិ។ យើងស្ទើរតែកើតទុរភិក្សទៅហើយ។ យើងបានព្យាយាមសម្រេចឲ្យបាននូវមណ្ឌលអភិវឌ្ឍន៍សមរម្យមួយនៅតាមមូលដ្ឋាន ដើម្បីធានារ៉ាប់រងចំពោះសុខុមាលភាពប្រជាជន តាមរយៈគ្លីនិកសហគមន៍ និងមណ្ឌលសុខភាពប្រមាណ ១៨,៥០០កន្លែង។
ក្តីប្រាថ្នារបស់ប្រទេសបង់ក្លាដែស គឺចង់ក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យម នៅឆ្នាំ២០២១។ វាស្ថិតនៅជាគោលដៅមិនឆ្ងាយប៉ុន្មាននោះទេ សម្រាប់ប្រជាជនរបស់យើង ដែលនឹងត្រូវភ្លក្សរសជាតិ នៃភាពប្រសើរឡើងសម្រាប់ជីវភាពរស់នៅបែបនោះ ប្រសិនបើដំណើរការល្អដូចពេលបច្ចុប្បន្ននេះ នៅតែបន្តទៅមុខទៀត។ បង់ក្លាដែសថ្មីៗនេះ ទើបបានប្រឈមមុខទៅនឹងវិបត្តិដែលឥតព្រាងទុក នោះគឺការទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនពីមីយ៉ាន់ម៉ា។ យើងបានផ្តល់ឲ្យពួកគេនូវទីជម្រកមនុស្សធម៌ នៅហ្នឹងកន្លែង ប៉ុន្តែវាពិតជាលំបាកសម្រាប់យើង ក្នុងការផ្តល់ជំនួយស្បៀងអាហារ និងទីជម្រកសម្រាប់ពួកគេក្នុងរយៈពេលវែង។ មីយ៉ាន់ម៉ាត្រូវតែនាំយកប្រជាជនខ្លួនទៅវិញ ឲ្យបានឆាប់ ហើយយើងកំពុងតែទាមទារ ស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយវិបត្តិនេះ។
មតិភាគច្រើនបានរំពឹងថា ប្រទេសបង់ក្លាដែស នឹងក្លាយជាតំបន់មួយ ដែលមានប្រជាជនរស់នៅមានជីវភាពសមរម្យនៅអាស៊ីខាងត្បូង បន្ទាប់ពីប្រទេសប៉ាគីស្ថាន ស្របពេលដែលធាតុផ្សំជាច្រើនត្រូវបានប្រមូលផ្តុំ ដើម្បីឈានទៅសម្រេចការរំពឹងទុកនោះ។ អំពើភេរវកម្ម និងហិង្សាដោយក្រុមជ្រុលនិយម នាមួយរយៈចុងក្រោយនេះ បានក្លាយជាបាតុភូតជាលក្ខណៈសកលទៅហើយ។ គ្មានប្រទេសណា ដែលមិនទទួលរងការគំរាមបែបនេះឡើយ។ ជោគជ័យដ៏អស្ចារ្យបំផុតរបស់យើង គឺជាការទប់ស្កាត់ការរីករាលដាលនៃអំពើភេរវកម្ម ជាមួយនឹងគោលនយោបាយគ្មានភាពអត់ឱននោះ ឬអត់ធ្មត់នោះឡើយ។ សមត្ថភាពនៃប្រព័ន្ធអនុវត្តន៍ច្បាប់របស់យើង ត្រូវបានពង្រឹងដើម្បីដោះស្រាយ អំពើភេរវកម្ម។
លើសពីនេះទៅទៀត ប្រជាជននៅក្នុងប្រទេសរបស់យើង មិនគាំទ្រសកម្មភាពបំផ្លិចបំផ្លាញណាមួយ ដោយយកឈ្មោះសាសនាមកសំអាងនោះឡើយ។ យើងក៏បានបើកយុទ្ធនាការរួមគ្នាមួយ ដែលមានការចូលរួមពីមេដឹកនាំសាសនានានា គ្រូបង្រៀន និងអ្នកដឹកនាំគំនិតប្រឆាំងនឹងអំពើភេរវកម្មទាំងអស់ផងដែរ។ មានភាពសាមញ្ញដូចគ្នាជាច្រើន នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច រវាងប្រទេសបង់ក្លាដែស និងកម្ពុជា។ ប្រទេសយើងទាំងពីរ គឺកំពុងតែកែលម្អជីវភាពរស់នៅរបស់ប្រជាជនដូចគ្នា។ ប្រទេសបង់ក្លាដែស និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ រួចទៅហើយកាលពីឆ្នាំ២០១៤។
កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យអប់រំ ព្រមទាំងវប្បធម៌ គួរតែត្រូវបានជំរុញ ដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នៅពេលនេះកិច្ចព្រមព្រៀង និង MOUs រហូតដល់ទៅ ១០ នឹងត្រូវបានចុះហត្ថលេខា។ ទាំងបង់ក្លាដែស និងកម្ពុជា បានធ្វើការអភិវឌ្ឍភាពជាដៃគូរយុទ្ធសាស្ត្រទ្វេភាគី ប្រកបដោយផ្លែផ្កា ទាំងនៅកម្រិតទ្វេភាគី ថ្នាក់តំបន់ និងកម្រិតពហុភាគី ហើយយើងកំពុងតែធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ខ្ញុំសង្ឃឹមថា ភាតរភាព និងកិច្ចសហប្រតិបត្តិការរវាងបង់ក្លាដែស និងកម្ពុជា នឹងត្រូវបានពង្រឹងបន្ថែមទៀត តាមរយៈទស្សនកិច្ចរបស់ខ្ញុំ។
ពីនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ហើយក៏ជាម្ចាស់ជ័យលាភី នៃពានរង្វាន់បរិស្ថាន នៃភពផែនដីឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ (UN)៕ (ពីស្ថានទូតបង់ក្លាដែស)