(ភ្នំពេញ)៖ គ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ដែលត្រូវបានប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញទៅដង្ហែពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសត្រឡប់មកមាតុភូមិវិញ នឹងមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោក សោម រតនា មន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលចេញទៅទទួលគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរនៅទីក្រុងឡុងដ៍ បានថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះថា ប្រតិភូក្រសួងវប្បធម៌ និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដង្ហែគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ មកដល់កម្ពុជាវិញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី០២ ខែធ្នូនេះ។
លោកបន្តថា ពិធីប្រគល់និងទទួលគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរចំនួន១០ឈុត ធ្វើឡើងនៅក្នុងស្ថានទូតកម្ពុជា នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រវាងក្រុមហ៊ុនដែលធ្វើការដេញថ្លៃលក់គ្រឿងអលង្ការ ជាមួយភាគីកម្ពុជាយើង។
លោក សោម រតនា បន្តថា ពិធីប្រគល់នេះ ធ្វើឡើងក្រោមការចូលរួមពីមន្ត្រីក្រសួងការបរទេសអង់គ្លេស, លោកស្រីឯករាជទូតកម្ពុជា ប្រចាំប្រទេសអង់គ្លេស, លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក, លោក ស សុខា អនុប្រធាន ស.ស.យ.ក ជាមួយនឹងមន្ត្រីក្រសួងវប្បធម៌ និងប្រជាពលរដ្ឋ និស្សិត ដែលរស់នៅទីក្រុងឡុងដ៍មួយចំនួនទៀតផងដែរ។
ក្នុងពិធីទទួលនោះក៏មានការរៀបចំ ពិធីបន់ស្រន់សូមសេចក្តីសុខ ក្នុងការនាំយកគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ត្រឡប់មកកម្ពុជាវិញ ឲ្យជួបតែសេចក្តីសុខ សេចក្តីចំរើន។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ទីដែលគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ សម័យអង្គរបានដាក់តាំងនៅទីនោះ ដើម្បីធ្វើការដង្ហែយកមកកាន់កម្ពុជាវិញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលព័ត៌មានថា ភ្នាក់ងារលក់វត្ថុបុរាណមួយ ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ បានប្រកាសដាក់លក់វត្ថុបុរាណជាច្រើន ដែលក្នុងនោះរួមមានឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ថ្ម ដែលត្រូវបានបញ្ចាក់ថា ជាវត្ថុបុរាណរបស់ជាតិកម្ពុជា។
ភ្លាមបន្ទាប់ពីទទួលបានដំណឹង ដំណើរការនៃការស្នើសុំទាមទារយកមកវិញនូវ វត្ថុបុរាណដ៏កម្រនេះ ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការជាមួយនឹង រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស តាមរយៈស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស រួមជាមួយមន្ត្រីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាលទ្ធផល ភ្នាក់ងារលក់វត្ថុបុរាណបានស័្មគ្រចិត្តប្រគល់ ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
គ្រឿងអលង្ការមាសសម្រាប់លម្អលើ រូបចម្លាក់នាសម័យអង្គរ ដែលទាមទារបានដោយជោគជ័យយកមកវិញនេះ សរុបរួមមាន១០មុខ ហើយត្រូវបានក្រុមអ្នកជំនាញបុរាណវត្ថុជាតិ និងអន្តរជាតិចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដ៏វិសេសវិសាល និងពុំអាចកាត់ថ្លៃបាន។ សម្បត្តិទាំងនេះជាផ្នែកមួយ នៃដួងព្រលឹងរបស់បុព្វបុរសខ្មែរពិតៗ ដែលស្ថិតនៅទូទាំងពិភពលោក ហើយត្រូវបានយាងត្រឡប់ មកកាន់មាតុភូមិវិញជាបន្តបន្ទាប់ ក្នុងសម័យកាលដែលជាតិយើង បានទទួលនូវសុខសន្តិភាពពេញបរិបូណ៌៕