(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ បានជួបពិភាក្សាជាមួយគណៈប្រតិភូ នៃការិយាល័យកាត់បន្ថយ និងលុបបំបាត់អាវុធ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកស្រី Emma Atkinson ជាប្រធានគំរោងជំនួយអន្តរជាតិនេះ ព្រមទាំងមន្ត្រីជំនួយការ និងមន្ត្រីស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។
លោក រតនា បានបញ្ជាក់ថា ក្នុងជំនួបនោះស៊ីម៉ាក់ និងមន្ត្រីអាមេរិក បានពិភាក្សាគ្នាដោយយកចិត្តទុក ក្នុងការបន្តជំនួយសំរាប់ឆ្នាំ២០១៨-២០១៩ ដែលត្រូវបន្តតាមរយៈការប្រកួតប្រជែង ហើយស៊ីម៉ាក់នឹងចូលរួមប្រកួតប្រជែងទទួលថវិកានេះ ដើម្បីស្រាវជ្រាវ និងបោសសំអាតគ្រាប់បែក និងគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក នៅបណ្តាខេត្តខាងកើតប្រទេសរួម មានខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពង់ចាមជាដើម។ នេះជាកេរ្ត៍ដំណែលដែលអាមេរិក ត្រូវចូលរួមទទួលខុសត្រូវ ទាំងមនុស្សធម៌ និងសីលធម៌។
លោក ហេង រតនា បានបញ្ជាក់ថា «ខ្ញុំបានជំរាបជូនភាគីអាមេរិកជាថ្មីថា កម្ពុជាមិនរង់ចាំ និងទុកឲ្យប្រជាជនកម្ពុជា បន្តរងការគំរាមកំហែង និងស្លាប់ដោយសំណល់ជាតិផ្ទុះទាំងនោះ ដោយគ្មានដំណោះស្រាយនោះទេ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានកំណត់គោលដៅដោះស្រាយវិបតិ្តនេះឲ្យខាងតែបាន»។
បើតាមលោក ហេង រតនា ជំនួយខាងបោសសំអាតអាវុធគីមី មិនបូកបញ្ចូលក្រោមការគ្រប់គ្រង របស់ការិយាល័យកាត់បន្ថយអាវុធ នៃក្រសួងបការបរទេសអាមេរិកនេះទេ គឺអាចមានក្រុមជំនាញនៃក្រសួងផេ្សងទៀត ត្រូវទទួលខុសត្រូវ។
សូមជម្រាបថា គ្រាប់បែក និងគ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក លើប្រទេសកម្ពុជា ត្រូវបានរកឃើញជាបន្តបន្ទាប់ ក្នុងរួមទាំងគ្រាប់បែកគីមីផងដែរ ដែលបង្កទុក្ខទោស និងការភ័យខ្លាចដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំង។
បើតាមរបាយការណ៍របស់ស៉ីម៉ាក់ អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាមច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួន ជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕