(ភ្នំពេញ)៖ ពិតជាមោទនភាព និងកិត្តិយសខ្លាំងណាស់ពីប្រទេសដែលយាយីដោយសារភ្លេីងសង្រ្គាមប្រមាណជា៣ទសវត្សរ៍នោះ ត្រូវបានពិភពលោកបោះឆ្នោតធ្វេីជាប្រធានគណៈកម្មាធិការការពារវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។
តាមរយៈសេចក្តីជូនព័ត៌មាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលធ្វេីឡេីងនៅទីក្រុងប៉ារីស ប្រទេសបារាំង កម្ពុជាត្រូវបានបោះឆ្នោតឲ្យជាប់ជាសមាជិកនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃពិធីសារទីពីរឆ្នាំ១៩៩៩ របស់អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ សម្រាប់អាណត្តិឆ្នាំ២០១៧-២០២១។ ជាពិសេសកម្ពុជាត្រូវបានអង្គប្រជុំបោះឆ្នោតជ្រេីសតាំងជាប្រធាននៃគណៈកម្មាធិការថែមទៀតផង។
ក្រសួងវប្បធម៌បានចាត់ទុកការជាប់ឆ្នោតនេះ ជាជោគជ័យដ៏ត្រជះត្រចង់ និងជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះគោលនយោបាយវប្បធម៌ជាតិដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
តាមរយៈជោគជ័យនេះក្រសួងវប្បធម៌បានប្តេជ្ញាបន្តបេសកកម្មយ៉ាងជិតស្និទ្ធជាមួយសមាជិកគណៈកម្មាធិការនានា ក៏ដូចជារដ្ឋភាគីទាំងអស់សំដៅលេីកកម្ពស់ការអនុវត្តអនុសញ្ញា និងការពារសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់អនុជនជំនាន់ក្រោយ៕