(ភ្នំពេញ)៖ លទ្ធផលការងារសំខាន់ៗ៣ចំណុច សម្រាប់កម្ពុជានៅក្នុងសន្និសីទហាឡាល អន្តរជាតិប្រទេសថៃ ដែលបានធ្វេីឲ្យលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការផលិតផលហាឡាលកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមជាខ្លាំង រួមមាន៖
ទី១៖ ក្រុមប្រឹក្សាកណ្តាលឥស្លាមប្រទេសថៃ ប្តេជ្ញាគាំទ្រគ្រប់លក្ខណ្ឌបច្ចេកទេសនានា ដល់គណៈកម្មាធិការផលិតផលហាឡាលកម្ពុជា ជាពិសេសក្រុមឯកទេសហាឡាលកម្ពុជា ដែលមានគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាជាអ្នកដឹកនាំ។
ទី២៖ វិទ្យាស្ថានស្តង់ដាហាឡាលថៃ សន្យានឹងផ្តល់អាហាររូបករណ៍លេីវិទ្យាសាស្រ្តហាឡាល ដល់គណៈកម្មការឯកទេសហាឡាលកម្ពុជាប្រមាណ១០ទៅ២០រូប ដេីម្បីយកមកអភិវឌ្ឍន៍ស្តង់ដារហាឡាលនៅកម្ពុជា។
ទី៣៖ ដេីម្បីពន្លឿនការចេញវិញ្ញាបនបត្រដល់បណ្តាក្រុមហ៊ុន សហគ្រាសមួយចំនួនដែលបានដាក់ពាក្យស្នេីសុំការអនុញ្ញាតិ ប្រេីស្លាកសញ្ញាហាឡាល របស់គណៈកម្មាធិការផលិយផលហាឡាលកម្ពុជា ដំណាក់កាលដំបូងដែលមិនទាន់បានទទួល គឺគណៈកម្មការឯកទេសហាឡាលថៃ នឹងបញ្ជូនក្រុមជំនាញ៤ទៅ៥រូប ចុះមកជួយលក្ខណ្ឌបច្ចេកទេសដល់លក្រុមឯកទេសហាឡាលកម្ពុជា រហូតបានសម្រេចការចេញវិញ្ញាបនបត្រជាស្ថាពរ៕