(ភ្នំពេញ)៖ នៅពេលបានស្តាប់លោកទូតអាមេរិកតាមវិទ្យុ VOA ដែលបាននិយាយនៅប៉ុន្មានថ្ងៃមុននេះថា៖ រយៈពេល២ឆ្នាំចុងក្រោយនេះរដ្ឋាភិបាលកម្ពុជាមិនចាប់អារម្មណ៍មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក គឺវាហាក់ដូចជាធ្វើឲ្យអស់សំណើចសំរាប់អ្នកទាំងឡាយដែលស្ថិតនៅក្នុងអាជីពនេះ។
នៅពេលនិយាយដល់តួនាទីចម្បងមួយរបស់អ្នកការទូត គឺការខិតខំធ្វើឲ្យកាន់តែប្រសើរឡើងលើគ្រប់វិស័យនូវទំនាក់ទំនងជាមួយប្រទេសម្ចាស់ផ្ទះ ទើបគេចាត់ទុកថា ក្នុងអាណត្តិការទូតរបស់អ្នកបានទទួលជោគជ័យ។ ប៉ុន្តែការប្រកាសក្តែងៗខាងលើបែបនេះរបស់លោកទូត William Heidt គឺសបញ្ជាក់ឲ្យឃើញថា គាត់កំពុងសារភាពអំពីបរាជ័យក្នុងអណត្តិការទូតរបស់គាត់។ គេតែងបានឃើញជារឿយៗ រាជរដ្ឋាភិបាលកម្ពុជាបានបំពាក់មេដាយកិត្តិយសដល់អ្នកការទូតបរទេសដែលបានបំពេញការងារល្អនៅកម្ពុជា ដែលនោះជាសក្ខីភាពនៃជោគជ័យរបស់អ្នកការទូត ហើយប្រទេសខ្លះទៀត គេក៏ចេញលិខិតសរសើរជាដើមដល់អ្នកការទូតដែលមានទេពកោសល្យ និងវិជ្ជាជីវៈ ដែលបានបំពេញភារកិច្ចល្អក្នុងការលើកកម្ពស់ទំនាក់ទំនងការទូតជាមួយប្រទេសម្ចាស់ផ្ទះក្នុងអាណត្តិការទូតរបស់ខ្លួន។
ចម្លែកតែលោកទូតអាមេរិក William Heidt ដោយខិតខំលាងដៃខ្លួនឯងឲ្យស្អាត ក្រៅពីមិនបានប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងនេះវិលទៅរកភាពល្អប្រសើរឡើងវិញ និងមិនឆ្លុះបញ្ចាំងអំពីចំណុចអវិជ្ជមានរបស់ខ្លួនឯង ប៉ុន្តែបែ្រមកជាចោទប្រកាន់បកមករដ្ឋាភិបាលម្ចាស់ផ្ទះវិញ។ លោកទូតអាមេរិកបានបង្កើតភាពសង្ស័យមួយក្នុងការបំពេញភារកិច្ចរបស់គាត់ក្នុងនាមជាតំណាងស្របច្បាប់របស់រដ្ឋការ លោក ដូណាល់ ត្រាំ ដោយមិនទាន់អនុវត្តឲ្យបានត្រឹមត្រូវតាមបន្ទាត់នយោបាយរដ្ឋាភិបាលថ្មី ហើយនៅដិតដាមនៅឡើយជាមួយនយោបាយជ្រៀតជ្រែកនិយមរបស់រដ្ឋការមុន។
គេគួតែពិនិត្យមើលពីសារបាននៃភាពរកាំរកុះក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ តើវាបានផ្តើមចេញពីបញ្ហាអ្វីខ្លះ?? តើបញ្ហាទាំងនោះវាកើតចេញពីភាពមិនស្មោះត្រង់ក្នុងភាពជាដៃគូនៃកិច្ចសហប្រិតបត្តិការឬយ៉ាងណា? តើលោកទូតអាមេរិក បានប្រឹងប្រែងកម្រិតណាដើម្បីបន្តមរតករបស់ទូតមុនៗ និងពង្រីកទំនាក់ទំនងឲ្យកាន់តែប្រសើរជាងទូតមុនៗ??
លោកទូតអាមរិកគប្បីចងចាំថា រដ្ឋាភិបាលអាមរិកបានបន្សល់ទុកនូវមរតកដ៏ជូជត់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលវាជាផ្នែកមួយនៃវិនាសកម្មរបស់ប្រទេសកម្ពុជា នេះបើយោងទៅលើប្រវត្តិសាស្ត្រសម័យថ្មីរបស់ប្រទេសកម្ពុជា។ ប្រវត្តិសាស្ត្រនេះវានៅតាមលងជាប់នៅឡើយសំរាប់ប្រជាជនកម្ពុជា ដែលទាមទារឲ្យរដ្ឋាភិបាលអាមរិក ក៏ដូចជាអ្នកការទូតអាមេរិក ខិតខំស្តារទំនាក់ទំនង និងប្រព្រឹត្តិកម្មប្រកបដោយភាពស្មោះត្រង់ ដោយគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ជាពិសេសធ្វើឲ្យប្រជាជនកម្ពុជាមើលឃើញថា អាមរិកមិនបាននិងកំពុងដើលើរបត់ចាស់ គឺការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដើម្បីច្បាមយកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ ដែលអាចបង្កឲ្យមានអស្ថិរភាព និងធ្វើឲ្យបាត់បង់សន្តិភាព ព្រមទាំងសមទ្ធផលនៃការអភិវឌ្ឍដែលកម្ពុជាសំរេចបានដោយលំបាកក្នុងរយះពេល២ទសវត្សចុងក្រោយនេះ។
អតីតអ្នកការទូតកម្ពុជា៖ ទស្សនៈខាងលើមិនឆ្លុះបញ្ចាំងអំពីជំហររបស់ក្រសួងការបរទេស ឬរាជរដ្ឋាភិបាលកម្ពុជាឡើយ៕