(ប៉េកាំង-ចិន)៖ ប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បានបង្ហាញការប្តេជ្ញាចិត្តគាំទ្រ ឥតងាករេចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហេីយប្តេជ្ញាបន្តជួយអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រេីនថែមទៀត។
ការបង្ហាញជំហរដ៏មុតមាំរបស់ប្រធានាធិបតីចិន ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារនៅទីក្រុងប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងជំនួបនោះប្រធានាធិបតីបានថ្លែងថា អ្វីដែលលោកចង់លឺពីសម្តេចតេជោ គឺសន្តិភាព និងស្ថេរភាពនយោបាយរបស់ប្រទេសកម្ពុជា។ លោកបន្តថា នៅប្រទេសចិនបានកំណត់ថា អ្នកដែលឲ្យគុណមកត្រូវតែសងគុណទៅគេវិញ ពោលគឺចិននឹងកសាងសហគមន៍ដែលមានវាសនារួមគ្នាជាមួយនិងប្រទេសកម្ពុជា។
លោកប្រធានាធិបតីបានអះអាងដោយមុតមាំថាបើទោះបស្ចិមប្រទេសចាត់ទុកកម្ពុជាជាអ្វីក៏ដោយ ក៏ចិនបានប្រកាសរួចហើយថា ចិននឹងបន្តជួយគាំទ្រ ដោយគ្មានការងាករ៉េ ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាតទៅមុខទៀត។
ជាមួយគ្នានេះចិននិងបញ្ជូនអ្នកឯកទេសរបស់ខ្លួន ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការជំរុញក្រុមហ៊ុនចិនទៅបណ្តាក់ទុន នៅកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។
លោក ហ្ស៊ី ជីនពីង បានថ្លែងដែរថា សម្តេច តេជោគឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាមិត្តគួរជាទីទុកចិត្តរបស់ប្រជាជន និងបក្សកុម្មុយនីស្តចិន។
លោកបន្តថា បច្ចុប្បន្នទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-ចិន មានភាពល្អប្រសើរជាងពេលណា ៗ ទាំងអស់ មិនតែប៉ុណ្ណោះភាគីទាំងពីរនៅតែបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន គ្មានពេលឈប់ ពោល គឺជាទំនាក់ទំនងពិតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានការគាំទ្រគ្នា ទៅវិញទៅមក។
លោកប្រធានាធិបតីបន្ថែមថា ដោយសាឆ្នាំ២០១៨ គឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ភាគីទាំង ពីរបានសន្យារួមគ្នាហើយថា និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត៕