(ភ្នំពេញ)៖ កម្លាំងគយចល័ត បានបន្តបើកប្រតិបត្តិការទៀតហើយ ដោយចាប់បានឡានសេរីទំនើបៗ ចំនួន១២គ្រឿងអត់ពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា និងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុល បង្ហាញពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាលនាយកដ្ឋានតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ។
មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗដែលចាប់បានរួមមាន៖ ម៉ាក Lexus, Camry, Siena ជាដើម។
ការឃាត់បាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧រួមមាន៖ Landcruiser 570 ចំនួន២គ្រឿង, Lexus 570 ចំនួន១គ្រឿង, Lexus 450 ចំនួន១គ្រឿង, Tundra ខ.ម ចំនួន១គ្រឿង និង Tundra ស៊ីវិលចំនួន១គ្រឿង។ ចំណែកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ មានការឃាត់ខ្លួន Lexus 350 ចំនួន២គ្រឿង, Camryចំនួន១គ្រឿង, Mercedes ចំនួនគ្រឿង, Venza ចំនួន១គ្រឿង, រថយន្ត Siena ចំនួន១គ្រឿង។
យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបនៅតែមានចំនួនដ៏ច្រើនដដែល។ មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ចំណូលនៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។
ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធកម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕