Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បោសសំអាតអនាម័យតាមដងផ្លូវមុខព្រះបរម្យរាជវាំង នៅចំណុចមុខសាលសន្និសីតចតុមុខ រហូតដល់មុខផ្សាររាត្រី បន្ទាប់ពីបញ្ចប់ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៧

01-12-2017 19:17

(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់កម្មវិធីទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៧ សមាជិកនៃសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណ៥០នាក់ អាជ្ញាធរខណ្ឌដូនពេញ សហការជាមួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានធ្វើការសំអាតអនាម័យតាមដង ផ្លូវមុខព្រះបរម្យរាជវាំង ចាប់ពីចំណុចមុខសាលសន្និសីតចតុមុខ រហូតដល់មុខផ្សាររាត្រី។

បន្ទាប់ពីចូលរួមប្រជុំនៅសាលមហោស្រពចតុមុខ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងមានការអញ្ជើញចូលរួមពីបណ្តាស្ថានទូតអន្តរជាតិ នានា កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អង្គការ សមាគមមួយចំនួនផងដែរ។

សកម្មភាពនេះធ្វើឡើង គឺក្នុងគោលបំណងលើកកំពស់អនាម័យទីក្រុងស្អាត លើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរកំសាន្ត និងរស់នៅ តំបន់នោះ ចេះវេចខ្ចប់សំរាម និងបោះសំរាមចោលក្នុងធុងសំរាម។ ដោយធ្វើការបែងចែកជាក្រុមតូចៗដើម្បី ដើរសំអាតកាកសំណល់ និងសំរាម ដែលបោះចោលគ្មានសណ្តាប់ធ្នាប់ ស្បោងផ្លាស្ទិក ដបទឹកសុទ្ធ កន្ទុយបារី ដោយធ្វើការប្រមូលដាក់ចូលក្នុងថង់ខ្មៅ និងដាក់ចូលធុងសំរាមវិញ។

ក្រៅពីការចុះពិនិត្យ និងព្យាបាលជំងឺសប្បុរសធម៌ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមក្នុងសកម្មភាពជួយសង្គមផ្សេងៗជាច្រើន ដូចជា៖ ចុះប្រគល់អណ្តូងទឹកស្អាត ជូនដល់ប្រជាពលរដ្ឋដែលជាអំណោយដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ាមហាភក្ដី សប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ចូលរួមក្នុងទិវាអេដស៍ពិភពលោក ០១ធ្នូ ចុះអប់រំផ្សព្វផ្សាយមេរោគអេដស៍ ជំងឺអេដស៍ ចូលរួមកម្មវិធីទិវាសប្បុរសធម៌នានា ចូលរួមកម្មវិធីបរិច្ចាគឈាម ចូលរួមកម្មវិធីបុណ្យទន្លេ និងបុណ្យសមុទ្រចូលរួមសង្រ្គោះបឋម ក្នុងព្រឹត្តការណ៍ជាតិធំៗ ប្រគល់អំណោយសម្ភារ និងបរិក្ខាពេទ្យដល់តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យភូមិភាគមួយចំនួនចូលរួមក្នុង សកម្មភាពកីឡាដូចជាការប្រកួតកីឡាបាល់ទាត់មិត្តភាព និងចូលរួមរត់ម៉ារាតុងផងដែរ៕