(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បានបង្ហាញតារាងលម្អិតស្ដីពីការបែងចែកអាសនៈ ដែលនៅទំនេរ នៃក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ចែកដល់គណបក្សនយោបាយចំនួន៧ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ត្រូវទទួលបានជាង៤៥០០អាសនៈ ក្នុងចំណោមអាសនៈដែលនៅទំនេរចំនួន៥០០៧អាសនៈ។ នេះបើយោងតាមតារាងនៃការបែងចែកអាសនៈ របស់គ.ជ.ប ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច នាល្ងាចថ្ងៃនេះ។
គ.ជ.ប បានចេញតារាងបែងចែកអាសនៈដែលនៅទំនេរ នៃក្រុមប្រឹក្សាឃុំសង្កាត់ដោយអនុលោមតាមមាត្រា២០ថ្មី និងមាត្រា២១ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
តាមរយៈតារាងដដែលនេះ គណបក្សនយោបាយចំនួន៧ ដែលត្រូវបែងចែកអាសនៈនៅទំនេរទាំងនេះ រួមមាន៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន៤៥៤៨អាសនៈ, គណបក្សហ្វ៊ិនស៊ិនប៉ិច ទទួលបាន២៣៩អាសនៈ, គណបក្សខ្មែររួបរួមជាតិ ទទួលបាន២០១អាសនៈ, គណបក្សសញ្ជាតិកម្ពុជា ទទួលបាន១០អាសនៈ, គណបក្សយុវជនកម្ពុជា ទទួលបាន៣អាសនៈ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបាន៣អាសនៈ ដោយឡែក គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ មិនបានទទួលអាសនៈនោះទេ។
សូមបញ្ជាក់ថា ចំនួនអាសនៈដែលនៅទំនេរមានចំនួន៥០០៧អាសនៈ គឺជាអាសនៈរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលចេញសាលដីកា រំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដូច្នេះ គ.ជ.ប ក៏បានយកអាសនៈទាំងនេះ បែងចែកទៅឲ្យគណបក្សនយោបាយផ្សេងទៀត ដែលចូលរួមការបោះឆ្នោតនាពេលកន្លងទៅ៕