(សៀមរាប)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងភរិយារបស់ថ្នាក់ដឹកនាំជាច្រើនរូប នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញចូលទៅអុជធូប ថ្វាយបង្គំព្រះ និងបួសសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ចំពោះវត្ថុស័ក្តិសិទ្ធនៅប្រាសាទអង្គរវត្ត មុនពេលពិធីដ៏ធំនឹងរៀបចំជាផ្លូវការនៅថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០​១៧នេះ។

សូមបញ្ជាក់ថា នៅថ្ងៃ១៤-១៥កើត ខែមិគសិរ ឆ្នាំវក នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនប្រទេសជាតិ ដែលប្រារព្ធឡើង​នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ហើយពិធីសាសនាដ៏ធំមួយនេះ មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន៥០០០អង្គផងដែរ។

ជាមួយគ្នានេះដែរ គណៈកម្មការរៀបចំពិធីបួងសួងសម្រើនសេចក្តីសុខ នៅមុខប្រាសាទអង្គរក៏ បានចុះពិនិត្យ និងរៀបចំទីតាំងឲ្យមានរបៀបរាប់រយល្អ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការរៀបចំពិធីឲ្យបានរលូន និងជោគជ័យផងដែរ។

គណៈកម្មាការរៀបចំពិធីបួងសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅ ចូលរួមកម្មវិធីបួងសួងសម្រើនសេចក្តីខុសនេះ ឲ្យបានច្រើនកុះករ ដែលកម្មវិធី​ត្រូវចាប់​ផ្ដើម​នៅម៉ោង៧៖៣០នាទីព្រឹក ខណៈរាប់បាត្រប្រគេនព្រះសង្ឃ នឹងត្រូវរៀបចំឡើងនៅម៉ោង៨៖៣០នាទីព្រឹក៕