(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) ដែលតំណាងឲ្យកម្មករ-កម្មការិនីជាង៧០ម៉ឺននាក់ នៅទូទាំងប្រទេស បានដាក់លិខិតមួយច្បាប់ជូន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ដើម្បីសុំជួបដោយផ្ទាល់ គោលបំណងពន្យល់ និងផ្តល់សក្ខីភាពបន្ថែមទៀត អំពីនិរន្ត៍ភាពការងារ និងសេដ្ឋកិច្ច ជាពិសេសនោះ គឺការអំពាវនាវឲ្យប្រទេសមហាអំណាចមួយនេះ បន្តបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងពីប្រទេសកម្ពុជា។
ប្រធានក្រុមប្រឹក្សាក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក តុល ផាន់មឿង បានបញ្ជាក់ថា សហជីពរបស់លោក បានតាមដានដោយយកចិត្តទុកដាក់ អំពីការវិវត្តន៍នៃស្ថានការណ៍នយោបាយ នាពេលបច្ចុប្បន្ននៅកម្ពុជា បន្ទាប់ពីតុលាការកំពូល បានសម្រេចចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសង្កេតឃើញថា សហគមអឺរ៉ុបបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង មកលើនយោបាយនៅកម្ពុជា។
លោកបានបញ្ជាក់ថា «ក្នុងនាមយើងខ្ញុំ ជាតំណាងកម្មករនិយោជិតគ្រប់វិស័យនៅកម្ពុជា ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសារព្រមានរបស់សហគមអឺរ៉ុប ក្នុងការដាក់គំនាបមកលើរាជរដ្ឋាភិបាល តាមរយៈការបញ្ឈប់ការអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ និងបញ្ឈប់ការលើកលែងពន្ធលើការនាំចេញផលិតផលផ្សេងៗ ពីកម្ពុជាទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្មករ និយោជិត និងប្រជាពលរដ្ឋខ្មែរ ដែលមួយភាគធំបានពឹងផ្អែកលើវិស័យនេះ»។
នៅលិខិតរបស់ខ្លួនដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានសំពូមពរដល់សហរដ្ឋអាមេរិកឲ្យ នៅបន្តការនាំចូលផលិតផលសម្លៀកបំពាក់កាត់ដេរ និងស្បែកជើង ព្រមទាំងបន្ថែមការបញ្ជាទិញពីកម្ពុជាឲ្យកាន់តែច្រើនជាងមុន ដើម្បីផ្តល់ឱកាស និងបង្កើនការងារដល់ពលរដ្ឋកម្ពុជា៕