(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារចុះជួយខេត្តសៀមរាប នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយ សមាជិករបស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានខេត្តសៀមរាប។
ក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពី លោក ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនខេត្តសៀមរាប និងថ្នាក់ដឹកនាំ សមាជិក សមាជិការ ជាច្រើនរូបផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងអំណរគុណ ចំពោះបងប្អូនអតីតសមាជិក សមាជិកា ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលបានស្ម័គ្រចិត្តប្រកបដោយមនសិការ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការផ្តល់ឱកាសសម្រាប់បងប្អូនទទួលបាននូវការបម្រើប្រជាជនជាបន្តទៀត ក្រោមឆ័ត្ររបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាធានាបាននូវឯកភាពជាតិ និងសាមគ្គីជាតិក្នុងគោលដៅបម្រើប្រជាពលរដ្ឋឲ្យបានល្អនៅមូលដ្ឋាន។ ទោះបីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយតាមគោលការណ៍ច្បាប់ក៏ពិតមែន ប៉ុន្តែបងប្អូននៅតែមានសិទ្ធិសេរីភាពខាងនយោបាយ និងត្រូវបានការពារស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន លើកលែងតែថ្នាក់ដឹកនាំមួយចំនួនដែលត្រូវតុលាការកំពូលហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំប៉ុណ្ណោះ។
ទោះបីសភាពការណ៍សកលលោក និងសភាពការណ៍ក្នុងតំបន់ មានការវិវត្តប្រែប្រួលយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា នៅតែបន្តប្រកាន់ខ្ជាប់ដោយឥតងាករេនូវឧត្តមគតិ និងបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន គឺការរួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ អនុវត្តគោលនយោបាយបង្រួបបង្រួម ផ្សះផ្សាជាតិ និងឯកភាពជាតិ ដើម្បីប្រមូលកម្លាំងសាមគ្គីជាតិក្នុងបុព្វហេតុការពារប្រទេសជាតិ។
សម្តេចពិជ័យសេនា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា ហើយការបោះឆ្នោតនាពេលខាងមុខ នឹងត្រូវប្រព្រឹត្តទៅក្រោមការចាត់ចែង រៀបចំរបស់គណៈកម្មា-ធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ ក្នុងនោះការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវរៀបចំនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងត្រូវរៀបចំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ តាមការគ្រោងទុក ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់អនុសាសន៍ដល់ក្រុមការងារចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ថែមទៀត គឺធ្វើឲ្យប្រជាជនបានទទួលផលសប្បាយចិត្ត ដើម្បីឲ្យប្រជាជនឃើញពីគុណភាព, ស្មារតីទទួលខុសត្រូវ, របស់ក្រុមការងារ ក៏ដូចជារដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ត្រូវខិតខំលុបបំបាត់ទង្វើអសកម្មទាំងឡាយ ដែលមានរយៈពេលកន្លងមក ដូចជា បញ្ហាការបំផ្លាញព្រៃឈើ, អំពើពុករលួយ, ដីធ្លី, រដ្ឋបាលសាធារណៈ, និងបាតុភាពអសកម្មផ្សេងៗ ដែលធ្វើឲ្យប្រជាជនមិនសប្បាយចិត្ត និងត្រូវឆ្លៀតពេលវេលាក្រៅម៉ោងរដ្ឋបាល ដើម្បីចុះមូលដ្ឋាន ទើបយល់ដឹងពីសុខទុក្ខ សំណូមពរ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។
នៅក្នុងពិធីនេះ លោក សយ សីហា ក្នុងនាមតំណាងឲ្យសមាជិកទាំង១០៤នាក់ ដែលបានលាលែង ពីអតីតគណបក្សសង្គ្រោះជាតិ ស្ម័គ្រចិត្តមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មានការសោកស្តាយជាពន់ពេក ដែលកន្លងមកបានចាញ់ឧបាយកល បោកបញ្ឆោតបស់មេដឹកនាំក្បត់ជាតិ ក្បត់ឆន្ទៈប្រជាពលរដ្ឋដែលផ្ទុយពីបំណងប្រាថ្នារបស់ពួកគាត់ ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ រក្សាការពារ សុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន និងថ្លែងអំណរគុណបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញគោលនយោបាយ បង្រួបបង្រួមជាតិ ឈ្នះ ឈ្នះ ផ្តល់ឱកាសឲ្យពួកគាត់បានបន្តជីវភាពនយោបាយ រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពិសេសគឺបានបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
តាមរបាយការណ៍របស់ លោក ឃឹម ប៊ុនសុង បញ្ជាក់ថា សមាជិកអតីតគណបក្សសង្គ្រោះជាតិ ស្ម័គ្រចិត្តមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅឃុំ សង្កាត់ ក្រុង ស្រុក ខេត្តសៀមរាប សរុបចំនួន១០៤នាក់ ក្នុងនោះនារី១៣នាក់ រួមមាន សមាជិកក្រុមប្រឹក្សាស្រុក០៣នាក់, បេក្ខជនបម្រុងស្រុក០១នាក់, ចៅសង្កាត់មេឃុំ០៤នាក់, ចៅសង្កាត់រងទី១និងជំទប់ទី១ ០៤នាក់, ចៅសង្កាត់រងទី២និងជំទប់ទី២-០១នាក់, សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់១៤នាក់, បេក្ខជនបម្រុង៧៧នាក់ ។នៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់ថវិកាឧបត្ថម្ភជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៧៧២នាក់ ដោយម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងបានរៀបចំពិធីពិសារអាហារសាមគ្គី ជាមួយក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់នៅខេត្តសៀមរាបផងដែរ៕