(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ជំនាន់ទី៩ និងបិទវគ្គបំប៉ននាយទាហានរងវិក្រិត្យការIII ជំនាន់ទី១៤ ដល់នាយទាហានរងមកពីគ្រប់កងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ។
ក្នុងពិធីដែលបានធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាតំបន់ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក៏មានការចូលរួមពី នាយទាហានជាន់ខ្ពស់ ក្នុងកងយោធពលខេមរភូមិន្ទជាច្រើននាក់ទៀតផងដែរ។
លោកឧត្តមសេនីយ៍ទោ ឈុន ឆេង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានបញ្ជាក់ថា អនុវត្តតាមសច្ចាប័នស្ដីពីការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ របស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សច្ចាប័នរបស់មេបញ្ជាការកងទ័ពជើងគោក ស្ដីពីការងារហ្វឹកហ្វឺនកងទ័ពជើងគោក បានដំណើរការវគ្គហ្វឹកហ្វឺនចំនួន៥ វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាល និងវគ្គបំប៉នឲ្យដល់នាយ ពលទាហាន ក្នុងកងទ័ពជើងគោក ដែលក្នុងនោះ មាន៣វគ្គបានដំណើរការបិទវគ្គរួច និងថ្ងៃនេះ គឺបានបញ្ចប់វគ្គហ្វឹកហ្វឺនប្រចាំឆ្នាំចំនួន២វគ្គ។
លោកនាយកបញ្ជាក់ថា សម្រាប់វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរងវិក្រិត្យការIII ជំនាន់ទី៩ មានសិក្ខាកាមសបុ២៥០នាក់ ហ្វឹកហ្វឺនរយៈពេល៦ខែ លើមុខវិជ្ជាយោធារួម។
ក្រោយពេលបញ្ចប់វគ្គសិក្ខាកាម នាយទាហានទាំង២៥០នាក់ ទទួលបាននិទ្ទេសល្អ ៦០នាក់, និទ្ទេសល្អបង្គួរ៥៦នាក់ និងទិន្ទេសមធ្យម១៧នាក់។ សម្រាប់វគ្គហ្វឹកហ្វឺនបំប៉នវិក្រិត្យការIII ជំនាន់ទី១៤ មានសិក្ខាកាមនាយទាហាន ចូលហ្វឹកហ្វឺន២០០នាក់ មានរយៈពេល៣ខែលើខ្លឹមសសារមេរៀនយោធារួម កាយសម្ព័ន្ធ កីឡា យុទ្ធវិធីថ្មើជើង បច្ចេកទេសអាវុធថ្មើជើង និងអប់រំចិត្តសាស្ដ្រ៕