(ភ្នំពេញ)៖ គិតត្រឹមនៅវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មកររោងចក្រ EVC ម៉េងដាហ្វូតវៀរ នៅតែបន្ដនាំគ្នាបិទផ្លូវវេងស្រេងជិតដដែល ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យមានការកកស្ទះយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ហេតុដូច្នេះហើយសូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវនេះ សូមបង្វែរទិសដៅចរាចរណ៍។
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់នៅមុននេះបន្ដិចថា មូលហេតុដែលនាំឲ្យមានការបិទផ្លូវនេះ ដោយសារតែពួកគេតវ៉ាពីលក្ខខណ្ឌការងារមួយ៥ចំណុច ពីថៅកែរោងចក្រ រួមមាន៖ ទី១៖ លុយ៥%, ទី២៖ លុយអតិអភាពការងារ, ទី៣៖ លុយបំណាប់ឆ្នាំ, ទី៤៖ លុយជូនដំណឹង និងទី៥៖ លុយជំងឺចិត្ត។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បាននិងកំពុងដឹកនាំកម្លាំងនគរបាល ដើម្បីធ្វើការចរចារជាមួយក្រុមកម្មករ ដោយឲ្យបើកផ្លូវឡើងវិញសិន ព្រោះជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ប្រធានសភាសហព័ន្ធសហជីពជាតិកម្ពុជា លោក សោម អូន ក៏បានបញ្ជាក់ផងដែរថា តាមព័ត៌មានដែលលោកទទួលបាន គឺក្រុមកម្មករចេញមកតវ៉ារហូតមានការបិទផ្លូវ ដោយខ្លួនឯងពុំមានក្រុមសហជីពមូលដ្ឋាន របស់រោងចក្រណាមួយ ទៅដឹកនាំនោះឡើយ ដោយការតវ៉ានេះបានកើតឡើងបន្ទាប់ពីលឺថា រោងចក្រគ្រោងដូរថៅកែ។
លោក សោម អូន ក៏បានអំពាវនាវឲ្យក្រុមកម្មករកម្មការិនីទាំងអស់ បើកចរាចរណ៍ឡើងវិញ ដើម្បីបម្រើប្រយោជន៍សាធារណៈដល់ប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ហើយការបិទផ្លូវនេះទៀតសោតជាអំពើខុសច្បាប់ ហើយនៅពេលខាងសហជីពអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ដ្រីក្រសួងការងារ បាននិងកំពុងជួយស្វែងរកដំណោះស្រាយផងដែរ។
សូមជម្រាបថា នៅព្រឹកមិញនេះ ក្រុមកម្មករបានធ្វើការបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរម្ដងហើយ បន្ទាប់ពីទទួលបញ្ជាភ្លាមៗ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយឲ្យលោកអធិការខណ្ឌ ចុះទៅសម្របសម្រួលជាមួយកម្មករ ដើម្បីបើកផ្លូវទុកជាប្រយោជន៍សាធារណៈជូនពលរដ្ឋ និងរង់ចាំការពិគ្រោះដោះស្រាយរវាងអាជ្ញាធរពាក់ព័ន្ធ និងថៅកែរោងចក្រ។
តែទោះជាយ៉ាងណា លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានបញ្ជាក់ថា កាលពីព្រឹកមិញនៅចូលជួបប្រជុំ ខាងតំណាងរោងចក្របានលើកឡើងថា ការតវ៉ាពីសំណាក់កម្មករទាំងនោះ មិនបានត្រឹមត្រូវបានតាមគោលការណ៍របស់រោងចក្រនោះទេ ហើយមួយវិញទៀត ខាងរោងចក្រក៏គ្មានគោលការណ៍ទាំង៥នោះដែរ ពោលគឺទាល់តែកម្មករធ្វើការកំណត់របស់រោងចក្រ៕