(តាកែវ)៖ លោកវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បាននាំយកអំណោយដែលបានមកពី ការគៀងគរពីសប្បុរសជន មកពីប្រទេសម៉ាឡេស៊ី គឺមូលនិធិ Bon Estate Foundation ចែកជូនប្រជាពលរដ្ឋចំនួន៣២៣គ្រួសារ មកពី៤ឃុំ គឺឃុំរនាម ខ្វាវ ព្រៃស្លឹក ប្រាំបីមុំក្នុងស្រុកទ្រាំង។
លោកវេជ្ជបណ្ឌិត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំង៣២៣គ្រួសារថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ចំពោះជីវភាព និងសុខទុក្ខរបស់បងប្អូន ហើយតែងតែនៅក្បែបងប្អូនជានិច្ច។ ជាក់ស្តែង អំណោយដែលចែកជូនបងប្អូនថ្ងៃនេះ គឺបានមកពីការគិតគូរទាំងនេះ ហើយទើបក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង បានខិតខំកៀរគរពីសប្បុរសជននានា ដើម្បីសម្រាលដល់ការលំបាករបស់បងប្អូន។
ក្នុងឱកាសនោះលោកក៏បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់នោះ ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យសុខភាពខ្លួនឯង ជៀសវាងកុំឲ្យកើតជំងឺឈឺថ្កាត់នានា ដែលនាំឲ្យខាតទាំងពេលវេលា និងថវិកា។
លោកបន្តថា រាជរដ្ឋាភិបាលក៏មានគោលនយោបាយព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រផងដែរ ដែលនេះគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ លោកប្រធានក្រុមការងារ ក៏បានជម្រុញដល់បងប្អូនត្រូវបញ្ចូនកូនៗ របស់ខ្លួនឲ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីក្លាយជាធនធានក្នុងការអភិវឌ្ឍខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ហើយលោកនឹងបន្តគៀគរសប្បុរសជន មកជួយដល់បងប្អូនបន្តទៀត ហើយអំណោយទាំងនេះមូលនិធិ Bon Estate Foundation នឹងចែកជូនដល់ឃុំផ្សេងៗទៀត ៣ខែម្តង។
អំណោយដែលចែកជូនទាំងអស់រួមមាន អង្ករ៨តោន៧៥គីឡូក្រាម, ប្រេងឆា៦៤៦ដប, ត្រីខ៣២៣ឡូ, អំបិល៣២៣គីឡូក្រាម, ទឹកត្រី៦៤៦ដប, នំប៉័ង៣២៣ដើម, ទឹកសុទ្ធ៣២៣ដប ដែលសរុបជាថវិកាអស់ប្រមាណ ១ម៉ឺនដុល្លារ៕