Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រឹមរយៈពេល៣ថ្ងៃ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តព្រះវិហារ ព្រលែងពូជត្រីជិត១ម៉ឺនក្បាល នៅតាមសហគមន៍នានា

01-12-2017 15:20

(ព្រះវិហារ)៖ ពូជត្រីប្រភេទត្រីរ៉ស់ និងត្រីអណ្តែងប្រមាណ១ម៉ឺនក្បាល ត្រូវបានខណ្ឌជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ព្រលែងនៅតាមសហគមន៍នានា ក្នុងឱកាសចុះប្រជុំផ្សព្វផ្សាយ ស្តីពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងសហគមន៍ ព្រមទាំងច្បាប់ស្តីពីជលផលឲ្យប្រជាសហគមន៍បានជ្រាប។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី២៨-៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណ្ឌជលផល បានចុះប្រជុំផ្សព្វផ្សាយស្តីពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសហគមន៍ ក៏ដូចជាច្បាប់ស្តីពីជលផលឲ្យប្រជាសហគមន៍ទាំងអស់ បានយល់ជ្រូតជ្រាប ដើម្បីយកទៅអនុវត្តន៍ងាយមានប្រសិទ្ធិភាព។

លោក ពឹង ទ្រីដា បានបញ្ជាក់ផងដែរថា «ការផ្សព្វផ្សាយទៅដល់ប្រជាសហគមន៍ ក្នុងឱកាសនោះ គឺផ្តោតការយកចិត្តទុកដាក់លើការចូលរួមថែរក្សា អភិរក្សធនធានមច្ឆាជាតិឲ្យនៅគង់វង្ស ដោយក្នុងនោះតម្រូវឲ្យប្រជាសហគមន៍ទាំងអស់ ត្រូវអនុវត្តន៍ទៅតាមច្បាប់ជលផល រាល់ការនេសាទត្រី គឺមិនត្រូវនេសាទត្រីដោយប្រើឧបករណ៍ឆក់គ្រប់ប្រភេទ មិនត្រូវនេសាទត្រី ដោយប្រើឧបករណ៍ស្បៃមុង ហើយជាពិសេសមិនត្រូវនេសាទត្រីក្នុងរដូវត្រីពង ដែលច្បាប់បានហាមជាដាច់ខាត»

លោក ពឹង ទ្រីដា បានបញ្ជាក់ផងដែរថា នៅក្នុងឱកាសចុះផ្សព្វផ្សាយ នៅតាមសហគមន៍នានាក្នុងឱកាសនោះ ខណ្ឌជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ រួមជាមួយប្រជាសហគមន៍ បានព្រលែងពូជត្រីប្រមាណ១ម៉ឺនក្បាលផងដែរ៕