(សៀមរាប)៖ កម្មវិធី «ទស្សនាទានព្រះពុទ្ធសាសនា» នៃក្រសួងធម្មការ និងសាសនា ដែលដឹកនាំដោយ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាតំណាងឲ្យលោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានរៀបចំធ្វើនៅវិទ្យាល័យសម្តេចឪ ភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃសុក្រ១៣កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសិស្សានុសិស្សចំនួនសរុបជាង១៧០០នាក់។
ក្នុងកម្មវិធីនោះលោក ប៉ែន វិបុល បានសង្កត់ធ្ងន់ទៅលើការ រៀបចំឥរិយាបថផ្ទាល់ខ្លួនរបស់សិស្សានុសិស្ស ហើយត្រូវចេះ គ្រប់គ្រងសកម្មភាព នៃការសិក្សា របស់ខ្លួនឲ្យបានល្អ និងមានគោលដៅច្បាស់លាស់។
លោក ប៉ែន វិបុល បានលើកឡើងបន្តថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអប់រំផ្សព្វផ្សាយ អំពីព្រះធម៌ និងលើក តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ នឹងបញ្រ្ជាបពុទ្ធឱវាទដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សីឲ្យ យល់ដឹងពីបុណ្យ,បាប,គុណទោស ជាពិសេសការអប់រំ ផ្លូវកាយ វាចា ចិត្ត ពង្រឹង សីលធម៌ សុជីវធម៌ គុណធម៌ ចរិយាធម៌ និងប្រកាន់ភ្ជាប់នូវបញ្ចសីលឬសីលប្រាំ។
វាគ្មិនសំខាន់ៗ ដែលចូលរួមនៅក្នុងកម្មវិធីនេះ រួមមានព្រះសុមង្គលសីលាចារ្យ អាភាករោ ជុំ គឹមឡេង, ព្រះមេគណៈ ខេត្តសៀមរាប, ព្រះធម្មសិរីព្រះជាគណ:ថ្នាក់កិត្តិយស, ភិក្ខុតិក្ខញ្ញាណោ អៀន អ៉ីន ជំនួយការសាលាគណខេត្តសៀមរាប, ព្រះមហា គិត សុផល មន្ត្រីនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម, លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងលោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា, លោក ឈិន តៃឈាង នាយកវិទ្យាល័យសម្តេចឪ, អ្នកស្រី ប៉ែន និមល នាយិការង វិទ្យាល័យសម្តេចឪ, លោក ហង សុភីន ប្រធានការិយាល័យគ្រប់គ្រង និងបណ្តុះបណ្តាល នៃនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម និង នាយករង លោកគ្រូអ្នកគ្រូនៃវិទ្យាល័យសម្តេចឪជាដើម។
គួរបញ្ជាក់ថា កម្មវិធី ទស្សនាទានព្រះពុទ្ធសាសនា ដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ ពីនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការ និងសាសនា។ការបង្កើតកម្មវិធីនេះ ក៏បានធ្វើឡើងឆ្លើយតបទៅ នឹងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥៕