(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ រួមជាមួយព្រះសង្ឃ អភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៣គ្រួសារ នៅសង្កាត់ស្ពានថ្ម។
អំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់៧មុខផ្សេងទៀត រួមនឹងថវិកា ៣ម៉ឺនរៀល។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើន ក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសជាតិរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់ដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា នៅក្នុងមូលដ្ឋាន និងបានណែនាំដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ។
អភិបាលខណ្ឌដង្កោ ក៏បានធ្វើការណែនាំដល់បងប្អូនទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការហាត់ប្រាណ អនាម័យសុខភាព ហូបស្អាត ផឹកស្អាត ដើម្បីបន្តរស់នៅយូរអង្វែង រងចាំមើលការអភិវឌ្ឍរីកចម្រើនទៅមុខទៀតរបស់ប្រទេសជាតិ៕