(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានក្រើនរំឭកប្រាប់ទៅដល់មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់-ភូមិ ហាមដាច់ខាតមិនឲ្យចុះហត្ថលេខាជូនប្រជាពលរដ្ឋ លើទម្រង់បែបបទស្នើសុំផ្ទេរសិទ្ធិដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ «តំបន់A» ជាដាច់ខាត ព្រោះមានលិខិត និងសេចក្ដីណែនាំហាមប្រាម ពីសាលារាជធានីភ្នំពេញក្រោមការដឹកនាំដោយលោក ឃួង ស្រេង។
លោក ស៊ូ សោគន្ធ បានបញ្ជាក់ថា តែសម្រាប់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ «តំបន់B» អាជ្ញាធរសង្កាត់-ភូមិ ក៏ដូចជា មន្ត្រីការិយាល័យជុំនាញពាក់ព័ន្ធ អាចចុះហត្ថលេខាបាន លើទម្រង់បែបបទស្នើសុំផ្ទេរ សិទ្ធិដីធ្លី តាមរយៈការិយាល័យច្រកចេញ-ចូលតែមួយខណ្ឌ «ពោលគឺធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» ជូនប្រជាពលរដ្ឋ ដើម្បីជៀសវាងការថ្នាំងថ្នាក់ និងរិះគន់។
ការហាមប្រាម និងការអនុញ្ញាតយ៉ាងដូច្នេះ ត្រូវបានលោក ស៊ូ សោគន្ធ លើកឡើង ក្នុងកិច្ចប្រជុំមួយដ៏សំខាន់ នៅសាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីនាយករងរដ្ឋបាលខណ្ឌ លោក សន សោភ័ណ្ឌ នាយករងរដ្ឋបាលខណ្ឌ លោក ស៊ូ សារ៉ាត់ ប្រធានការិយាល័យច្រកចេញ-ចូលតែមួយខណ្ឌ អនុប្រធានការិយាល័យភូមិបាលខណ្ឌ លោក ប្លុង សីហៈ អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក លឹម សាមឌី និងមន្ត្រីពាក់ព័ន្ធ មានចៅសង្កាត់ ព្រមទាំងមេភូមិផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតមានកន្លងមក ក្នុងការបម្រើសេវាសាធារណៈ និងការដោះស្រាយលើក្បាលដីទំនាស់មួយចំនួន ដែលសាលារាជធានីភ្នំពេញ គ្រោងទុកសម្រាប់ធ្វើសម្បទានជូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ចំនួន១៧៥គ្រួសារ។
លោក ស៊ូ សោគន្ធ បានថ្លែងថា ដើម្បីជៀសវាងបាននូវការថ្នាំងថ្នាក់ និងរិះគន់តៗគ្នា ជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធរ ចាំបាច់ទាមទារឲ្យមានវត្តមានមន្ត្រីជំនាញ តាមបណ្ដាការិយាល័យចំណុះខណ្ឌ ពិសេសអាជ្ញាធរសង្កាត់-ភូមិ ត្រូវតែពិភាក្សារកដំណោះស្រាយ ដូចជាការចេញសេចក្ដីជូនដំណឹងផ្សេងៗទៅដល់ប្រជាពលរដ្ឋឲ្យបានជ្រួលជ្រាបលើការផ្ទេរសិទ្ធិដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ «តំបន់A» ឫ «តំបន់B» ត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយលើឯកសារពាក់ព័ន្ធទាំងឡាយ មុនមកដល់ការិយាល័យច្រកចេញ-ចូលតែមួយ៕