(ភ្នំពេញ)៖ នាយអាវុធហត្ថជាន់ខ្ពស់ម្នាក់ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ង៉ាន់ ច័ន្ទវឌ្ឍនា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ តាមរយៈមេធាវីរបស់ខ្លួន បានចេញសេចក្ដីថ្លែងការណ៍មួយ បដិសេធរាល់ការចោទប្រកាន់ និងជាព័ត៌មានមិនពិត ចំពោះរូបលោកផ្ទាល់ ពាក់ព័ន្ធបញ្ហាដីធ្លីមួយកន្លែង ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយលោកអះអាងថា មានបុគ្គលមួយចំនួនបានយកគ្រឿងចក្រ ទៅឈូសឆាយ និងបោះបង្គោលរំលោភកាន់កាប់ដីរបស់គាត់ ដែលមានឯកសារ និងមានការទទួលស្គាល់យ៉ាងត្រឹមត្រូវ ពីអាជ្ញាធរនិងមន្ដ្រីសុរិយោលដី។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ទេព បញ្ញា ដែលជាមេធាវីការពារក្ដី បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ង៉ាន់ ច័ន្ទវឌ្ឍនា បានទិញដីមួយកន្លែងពីប្រជាពលរដ្ឋ ចំនួន១៣គ្រួសារ ដែលបានកាន់កាប់គ្រប់គ្រង និងអាស្រ័យផល តាំងពីឆ្នាំ១៩៨៦ ហើយជាដំណាក់កាលបន្ដបន្ទាប់ ដីទាំងនេះមានការទទួលស្គាល់ត្រឹមត្រូវ ពីអាជ្ញាធរមូលដ្ឋាន រហូតដល់ស្រុក និងមន្ទីរសុរិយោលដីខេត្តកណ្ដាលទៀតផង។
ប៉ុន្ដែកាលពីដើមខែកក្កដា ឆ្នាំ២០១៦ ស្រាប់តែមានបុគ្គលមួយចំនួនឈ្មោះ ប៊ូ ស្រី, ឈ្មោះ ហយ វ៉ៃ, ឈ្មោះ ឆេង, ឈ្មោះ ប៊ុនធឿន, ឈ្មោះ លី ប៊ុនសៀ និងឈ្មោះ ព្រលឹង វាសនា បានយកគ្រឿងចក្រទៅឈួសឆាយ និងបោះបង្គោលរំលោភកាន់កាប់ទៀតផង រហូតធ្វើឲ្យលោកឧត្តមសេនីយ៍ទោ ង៉ាន់ ច័ន្ទវឌ្ឍនា ដាក់ពាក្យបណ្ដឹងទៅសាលាស្រុក ឲ្យជួយមានវិធានការណ៍រួចរាល់ហើយដែរ។
ដូច្នេះតាមរយៈព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយនាពេលកន្លងទៅ ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ លោកសូមបដិសេធយ៉ាងដាច់ខាត ដែលមិនមែនជាការពិតនោះទេ៕