(កណ្តាល)៖ លោក នុត វុត្ថា អនុប្រធានគណៈពង្រឹងមូលដ្ឋាន សង្កាត់តាខ្មៅ និងជាប្រធានសាខាពន្ធដារខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះចែក អំណោយ ជូនគ្រួសាររងគ្រោះ ដោយសារអគ្គិភ័យ២គ្រួសារ រស់នៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អំណោយរបស់លោក នុត វុត្ថា និងក្រុមការងារ ដែលចែកជូន ជនរងគ្រោះ នាពេលនោះ ក្នុង១គ្រួសារទទួលបាន អង្ករ១បាវ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ១កេស មី១កេស កង់១គ្រឿង និង ថវិកាក្នុង១គ្រួសារទទួលបាន១,៥០០,០០០រៀល។
ការចុះចែកអំណោយរបស់ លោក នុត វុត្ថា នាពេលនេះ ធ្វើឡើងក្រោយពីមើលឃើញពីទុក្ខលំបាក និងការខ្វះខាត របស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ២គ្រួសារខាងលើ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ កាលពីពេលថ្មីៗនេះ។
នៅក្នុងឪកាសនោះ ប្រជាពលរដ្ឋទាំង២គ្រួសារ បានសម្តែងអារម្មណ៍សប្បាយចិត្ត យ៉ាងខ្លាំង និងបានថ្លែងអំណរគុណ លោក នុត វុត្ថា និងក្រុមការងារ ដែលបានចុះចែកអំណោយជូនពួកគាត់ នៅក្នុងពេលជួបការលំបាកបែបនេះ។ ប្រជាពលរដ្ឋគ្រោះ បានបន្តថា អំណោយមនុស្សធម៌នាពេលនេះ គឺនឹងជួយសម្រាលជីវភាពរស់នៅ របស់ពួកគាត់ មួយកម្រិតទៀត ក្រោយទទួលរងគ្រោះ ដោយគ្រោះអគ្គិភ័យដ៏កាចសហាវមួយនេះ។
លោក នុត វុត្ថា អនុប្រធានគណៈពង្រឹងមូលដ្ឋាន សង្កាត់តាខ្មៅ និងជាប្រធានសាខាពន្ធដារខេត្តកណ្តាល បានឲ្យដឹងថា សកម្មភាពនៃការចុះចែកអំណោយជូនប្រជាពលរដ្ឋ ទាំងរូបលោក និងក្រុមការងារ នឹងបន្តសកម្មភាពនេះ ជាបន្តបន្ទាប់ទៀត នៅពេលដែលមានប្រជាពលរដ្ឋរងគ្រោះត្រូវការជំនួយ។
លោកបានបន្តថា ទោះបីជាអំណោយតិចតួចក្តី តែនេះជាសណ្តានចិត្ត ក្នុងការជួយគ្នា ក្នុងនាមជាខ្មែរដូចគ្នា ហើយការជួយគ្នានោះ ក៏បង្ហាញឲ្យឃើញថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសមានសុខសន្តិភាព មានការរីកចម្រើន និងឆ្លើយតបការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឲ្យ «ខ្មែរចេះជួយគ្នា និងស្រឡាញ់គ្នា ទៅវិញទៅមក» ៕