(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានគាំទ្រចំពោះការអនុវត្តគោលនយោបាយសង្គមសេដ្ឋកិច្ច ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលការអនុវត្តន៍ដ៏ត្រឹមត្រូវនេះហើយបានធ្វើឲ្យទំនុកចិត្តនៃការមកវិនិយោគនៅកម្ពុជារបស់វិនិយោគិនបរទេស កាន់តែច្រើនគួរឲ្យកត់សម្គាល់។

ការលើកឡើងរបស់លោក គួច ចំរើន នេះធ្វើឡើងនាឱកាស ដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី សិក្ខាសាលាផ្សព្វផ្សាយអំពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរួមជាអធិបតីភាពលោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា ព្រមទាំងបុគ្គលិកធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តកំពង់ចាមទាំងអស់។

លោកបានឲ្យដឹងថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងនិងបន្តអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងយុវជន ដែលបានកំណត់យ៉ាងច្បាស់លាស់ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ហើយដើម្បីសម្រេចជោគជ័យនូវគោលនយោបាយអភិវឌ្ឍន៍នេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកកំម្ពស់ និងជំរុញវិស័យឯកជន ដែលមានទាំងការវិនិយោគក្នុងប្រទេស និងការវិនិយោគផ្ទាល់ពីបរទេស»

លោកបន្ដទៀតថា «ការអនុវត្តគោលនយោបាយសង្គមសេដ្ឋកិច្ចដ៏ត្រឹមត្រូវ ជាមួយនិងការរក្សាបាននូវសន្តិភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ វិនិយោគនៅកម្ពុជាបានធ្វើឲ្យមានការកើនឡើងនូវទំនុកចិត្តពី
សំណាក់វិនិយោគិនក្នុង និងបរទេស ក្នុងការដាក់ទុនរបស់ខ្លួន លើគ្រប់វិស័យនៅកម្ពុជា ដែលជាការដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបង្កើតឱកាសការងារ និងការអភិវឌ្ឍ ជំនាញរបស់ប្រជាជនកម្ពុជា»។

លោកបញ្ជាក់ទៀតថា ទន្ទឹមគ្នានេះ ការវិនិយោគលើវិស័យហិរញ្ញវត្ថុ កំពុងមានការរីកដុះដាល និងបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារយ៉ាងច្រើន ដល់ពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ និងស្ថាប័នឥណទានដទៃទៀត ក្នុងខេត្តកំពង់ចាម កំពុងទទួលបាននូវកាគាំទ្រ និងការជឿទុកចិត្តយ៉ាងមុតមាំ ពីសំណាក់អតិថិជនរបស់ខ្លួន ហើយសព្វថ្ងៃនេះ បានផ្តល់នូវសេវាកម្មផ្នែកហិរញ្ញវត្ថុជាច្រើនប្រភេទ ជាពិសេសការផ្តល់នូវឥណទានអាជីវកម្មខ្នាតតូច និងមធ្យម សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម៕