(ភ្នំពេញ)៖ តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន និងកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជនកម្ពុជាចំនួន២១រូប ដែលកំពុងសិក្សាលើមុខជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ពីថ្ងៃទី៤ ដល់ទី១២ ខែធ្នូ ឆ្នាំ២០១៧ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្សនិស្សិត យុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2017។
ក្រុមយុវជននឹងទៅទស្សនកិច្ចនៅស្ថាប័នសារព័តមានបោះពុម្ពផ្សាយកាសែត និងស្ថាប័នផ្សព្វផ្សាយផ្សេងទៀតចូលរួមផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជាមួយនិស្សិត ក្រោយបរិញ្ញាបត្រលើជំនាញសារព័ត៌មាននៅខេត្តហុកកៃដូ។ ពួកគាត់ក៏នឹងមានឱកាសទៅទស្សនាតំបន់ ប្រវត្តិសាស្រ្តជាច្រើន។
កម្មវិធី JENESYS 2017 មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តា ប្រទេសចូលរួមកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះក្រសួងការបរទេសជប៉ុន បានអញ្ជើញយុវជនកម្ពុជាចំនួនជាង២០០០នាក់ តាំងពីឆ្នាំ២០០៧មក៕