(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០១៧នេះ កម្ពុជាមានជនពិការចំនួន២៧៣៧នាក់ហើយ ដែលបានចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នចំនួន៤៣របស់រដ្ឋ នៅទូទាំងប្រទេស។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរដល់ទិវាជនពិការកម្ពុជា និងទិវារជនពិការអន្តរជាតិ ៣ធ្នូ ឆ្នាំ២០១៧ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ។
តាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជនពិការ ត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤៣ ដោយគិតក្នុងឆ្នាំ២០១៧នេះ មានជនពិការចូលបម្រើការងារសរុបចំនួន ២៧៣៧នាក់ ក្នុងនោះពិការកម្រិតធ្ងន់ចំនួន ១១៨០នាក់ ដែលម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប ៣៩១៧នាក់ ស្មើនឹង១.៧៨ភាគរយ ហើយបច្ចុប្បន្ននេះ ក្រសួងស្ថាប័ននានា បាន និងកំពុងជ្រើសរើសឱ្យគ្រប់តាមអត្រាកំណត់ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ជនពិការក្រីក្រ នៅតាមសហគមន៍ ចំនួន៣៦១៧នាក់ និងកំពុងទទួលបានផលប្រយោជន៍ តាមរយៈការអនវុត្ត ការផ្តល់របបគោលនយោបាយ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តជាតិ និងគោលនយោបាយជាតិនានា ទាក់ទិននឹងការកាត់បន្ថយភាពក្រីក្រ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅឋាន ជូនជនពិការតាកែនកោះស្លា តំបន់អភិវឌ្ឍជនពិការខេត្តកំពត៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។
រហូតមកដល់បច្ចុប្បន្ន ជនពិការបានចងក្រុមជួយខ្លួនឯងចំនួន ១៩៥០ក្រុម អង្គការជនពិការចំនួន៧០ ជនពិការប្រមាណ២៨០០០នាក់ ក្នុងមួយឆ្នាំ បានទទួលការផ្តល់សេវាស្តាលទ្ធភាពពលកម្មកាយសម្បទា និងជនពិការចំនួន១៩២នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរក្នុងឆ្នាំ២០១៦។
ជនពិការក្រីក្រ នៅតាមសហគមន៍ បាននិងកំពុងទទួលបាននូវផលប្រយោជន៍ជាច្រើនដូចជា ការពិនិត្យសេវា និងថែទាំសុខភាព ការទទួលសេវា ស្តារលទ្ធភាពពលកម្ម ថ្លៃអាហារហូបចុក សោហ៊ុយធ្វើដំណើរ ដោយបាននៅខេត្តប៉ៃលិន ត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយជាតិគាំពារសង្គម ផែនការយុទ្ធសាស្រ្តជាតិ និងគោលនយោបាយជាតិនានា ដែលទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ៖