(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការផលិតស្នាដៃភាពយន្ដ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពភាពយន្ដលើកទី៥ ឆ្នាំ២០១៧ ដោយនឹងយកភាពយន្ដខ្មែរចំនួន៨ទៅប្រកួតប្រជែង។
ភាគយន្ដដែលត្រូវយកទៅប្រកួតប្រជែងទាំងនោះទោះបីជាមានការចូលរួមផលិតពីបរទេសក៏ដោយ ក៏ត្រូវបានយកមកចូលរួមប្រកួត ក្នុងមហោស្រពភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧ ដោយមានការចូលរួមពី ផលិតកម្ម ធំៗចំនួន៩នៅក្នុងប្រទេសកម្ពុជា។
លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងឲ្យដឹងថា មហោស្រពភាពយន្ដជាព្រឹត្តិការណ៍នៃការប្រមូលផ្ដុំស្នាដៃភាពយន្ដខ្មែរដែលទទួលបានការគាទ្រពីសំណាក់មហាជនកន្លងមក យកមកធ្វើការប្រកួតប្រជែងដណ្ដើមជ័យលាភី និងពាន់រង្វាន់ ហើយនេះជាលើកទី៥ហើយដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍នេះឡើង។
លោកបន្ដទៀតថា គ្រប់ស្នាដៃភាពយន្ដដែលត្រូវយកទៅចូលរួមប្រកួតត្រូវមានខ្លឹមសារមួយចំនួនដូចជា៖
* អប់រំ និងផ្សព្វផ្សាយចំណេះដឹងវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ
* លើស្ទួយវប្បធម៌សន្ដិភាព និងអហិង្សា
* ពង្រឹងសាមគ្គីភាព និងឯកជនភាពជាតិ
លោកបានបញ្ជាក់ទៀតថា ទាំង៨ដែលយកទៅប្រកួតប្រជែងវគ្គផ្ដាចព្រ័ត្រនោះរួមមានរឿងដែលនៅក្នុងផលិតកម្មដូចជា៖
១៖ រឿង មុនពេលដួលរលំ របស់ផលិតកម្ម រ៉ក់ អ៊ិនធើធេនមេន
២៖ រឿង ស៊ុបភើមាំ របស់ផលិតកម្ម មហាហង្ស
៣៖ រឿង តម្លៃស្នេហ៍ របស់ផលិតកម្ម ខ្មែរមេគង្គ
៤៖ រឿង ការពារឧក្រិដ្ឋជន របស់ផលិតកម្ម កងចក្រភីកឈ័រ
៥៖ រឿង ទឹកចិត្តអ្នកម្ដាយសម័យថ្មី របស់ផលិតកម្ម ថោន អ៊ិនធើធេនមេន
៦៖ រឿង អ្នកនាងម្ចាស់លឺកឺ របស់ផលិតកម្ម មហាហង្ស
៧៖ រឿង វិកលចរិក របស់ផលិតកម្ម មាតុចក្រ
៨៖ រឿង ខូចចិត្តអាជីព របស់ផលិតកម្ម រ៉ក់ អ៉ីនធើធេនមេន។
ភាពយន្ដទាំង៨នេះក៏នឹងដាក់បញ្ចាំងឲ្យទស្សនាដោយសេរី នៅក្នុងរោងភាពយន្ដទំនើប៣រួមមាន Major, Legend, and Prime។
មហោស្របភាពយន្ត មិនមែត្រឹមតែជាការប្រកួតប្រជែងស្នាដៃភាពយន្ដជាតិប៉ុណ្ណោះទេ តែជាការផ្ដល់នូវកាលានុវត្តភាពល្អៗដល់ផលិតករ និងអ្នកបច្ចេកទេសជំនាញភាពយន្ដទាំងអស់ មកគ្រប់ផលិតកម្ម ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការកែលំអរ និងពង្រឹងគុណភាពស្នាដៃភាពយន្ដរបស់ខ្លួន និងបំពេញបានតម្រូវការទីផ្សារភាពយន្ដក្នុងស្រុក និងអាចឈានទៅប្រកួតប្រជែងលើ ទីផ្សារក្នុងតំបន់៕