(ភ្នំពេញ)៖ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការធ្វើកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរាជរដ្ឋាភិបាលកំពុងតែដាក់ឲ្យអនុវត្តន៍នាពេលបច្ចុប្បន្ន គឺមានវិសាលភាពធំធេង និងស្មុគស្មាញច្រើន ដែលទាមទារឲ្យ គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់មានឆន្ទៈខ្ពស់ទើបការអនុវត្តន៍ទទួលបានជោគជ័យ។ បន្ថែមពីលើឆន្ទៈ គឺត្រូវការបណ្តុះ បណ្តាលមន្ត្រីឲ្យមានសមត្ថភាពកាន់តែខ្ពស់ផងដែរ។
លោក ហ៊ាន សាហ៊ីប បានថ្លែងគូសបញ្ជាក់ដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និង ប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាល» សម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ។ សិក្ខាសាលានេះរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំ និងអនុវត្តផែនការបណ្តុះបណ្តាលឆ្នាំ២០១៨ លើមុខជំនាញចាំបាច់ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សិក្ខាសាលានេះធ្វើឡើងរយៈពេល១ថ្ងៃ និង មានការចូលរួមពីមន្ត្រីរាជការចំនួន ១៦០នាក់ ដែលជាប្រធាន និង អនុប្រធានក្រុមការងារកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងបណ្តាក្រសួងស្ថាប័ន។
លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា គន្លឹះសំខាន់នៃការកែទម្រង់ប្រព័ន្ធថវិកា គឺឈានទៅកែលម្អគុណភាពនៃការគ្រប់គ្រងវដ្តនៃថវិកា រួមមានការរៀបចំថវិកា, ការអនុម័តថវិកា, ការអនុវត្តថវិកា និងការត្រួតពិនិត្យតាមដាន និងវាយតម្លៃ សំដៅធ្វើការផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និងមជ្ឈការឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ។
លោកបន្តថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមាន៤ដំណាក់កាល ដោយឈានឡើងជាជំហានៗជាបន្តបន្ទាប់ និងមានគោលបំណងជាក់លាក់ក្នុងនោះដំណាក់កាលទី១ គឺការកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ គឺការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និង ការបង្កើនគណនេយ្យភាពចំពោះសមិទ្ធកម្ម សម្រាប់ដំណាក់កាលទី៤ ដែលតាមនេះ បង្ហាញឱ្យឃើញថា ដំណាក់កាលនីមួយៗមានការផ្លាស់ប្តូរជាបណ្តើរៗ ជាជំហានៗ ហើយទាមទារឱ្យមន្រ្តីរាជការ ពិសេសតួអង្គពាក់ព័ន្ធត្រូវមានការយល់ដឹងបន្ថែម និងមានសមត្ថភាពខ្ពស់ជាងមុន ។
លោករដ្ឋលេខាធិការបន្តថា ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចាត់ទុកថា ការកសាង និងអភិវឌ្ឍសមត្ថភាព គឺជាកត្តាគន្លឹះសំខាន់មួយសម្រាប់គាំទ្រដល់ការឈានទៅសម្រេចជោគជ័យនៃការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគ្រប់ដំណាក់-កាលជាបន្តបន្ទាប់តាមការគ្រោងទុក និង អាចធានាបាននូវប្រសិទ្ធភាព សង្គតិភាព និង ចីរភាពនៃការអភិវឌ្ឍ។
«បច្ចុប្បន្នការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ឆ្នាំទី៣ នៃដំណាក់កាលទី៣ ដែលជាចំណុចរបត់ដ៏សំខាន់មួយ ដែលមានវិសាលភាពកាន់តែធំទូលាយ និងស្មុគស្មាញជាងមុនដែលតម្រូវឱ្យគ្រប់ក្រសួងស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបង្កើនឆន្ទៈនៃភាពម្ចាស់ការ និងការចូលរួមអនុវត្តឱ្យកាន់តែសកម្ម និង ខ្លាំងក្លាជាងមុនថែមទៀត និងទាមទារឱ្យមាននូវធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានកម្រិតជំនាញស័ក្តិសមកាន់តែច្រើនថែមទៀត»។ លោក ហ៊ាន សាហ៊ីប បញ្ជាក់បន្ថែម។
លោក ហ៊ាន សាហ៊ីប ក៏បានថ្លែងផងដែរថា សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ តម្រូវការបណ្តុះបណ្តាលនឹងឈានដល់កម្រិតថ្មីមួយទៀត ដែលទាមទារឱ្យមានការពិនិត្យមើលឡើងវិញ និង វាយតម្លៃអំពីតម្រូវការ ដើម្បីជាមូលដ្ឋានទិន្នន័យសមស្របសម្រាប់រៀបចំវគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការ។
ក្នុងន័យនេះ ដើម្បីសម្រេចគោលដៅនៃកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានផ្តល់អាទិភាព និង លើកទឹកចិត្តខ្ពស់ដល់ការងារកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្ស លើជំនាញដែលចាំបាច់សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ដែលតាមនេះ ការសិក្សា និង ការវាយតម្លៃអំពីតម្រូវការបណ្ដុះបណ្ដាលពិតជាមានសារសំខាន់ និង ត្រូវធ្វើជាប្រចាំ ដើម្បីប្រមូលធាតុចូល និងធ្វើបច្ចុប្បន្នកម្មការរៀបចំផែនការបណ្ដុះបណ្ដាលមួយដែលមានលក្ខណៈប្រមូលផ្ដុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យមន្ត្រីរាជមានចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព និងទេពកោសល្យគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកលេខាធិការបានមានប្រសាសន៍បន្តថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងចំពេលដែលរាជរដ្ឋាភិបាលកំពុងមានតម្រូវការកសាងសមត្ថភាពមន្រ្តីរាជការបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណវុឌ្ឈិមន្រ្តីរាជការ សំដៅឈានទៅសម្រេចជោគជ័យបន្តទៀត ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣៕