(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន៣ថ្ងៃ។ ទស្សនកិច្ចនេះ នឹងធ្វើឡើងពីថ្ងៃទី០៥ ដល់០៧ ខែធ្នូ ឆ្នាំ២០១៧។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
ក្រសួងការបរទេស បានបញ្ជាក់ថា ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់ លោក អាឡាន ភីទ័រ កាយ៉េតាណូ (Alan Peter S. Cayetano) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោក រ៉ូឌ្រីហ្គោ រ៉ូ ឌូតឺតេ (Rodrigo Roa Duterte) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។
លោកទេស ប្រាក់ សុខុន និងលោក អាឡាន ភីទ័រ កាយ៉េតាណូ នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី២ ដែលក្នុងឱកាសនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជា វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហប្រតិបត្តិការសង្គម និងវប្បធម៌។ បញ្ហាបន្ទាន់ក្នុងតំបន់ និងសកលលោក ក៏នឹងត្រូវលើកយកមកពិភាក្សា ផងដែរ ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ នឹងមានការចុះហត្ថលេខាលើឯកសារ ដូចខាងក្រោម៖
- របាយការណ៍នៃកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី២
- កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្ដីពីការទប់ស្កាត់ការលួច និងជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌
- អនុស្សរណៈនៃការយោគយល់ រវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋហ្វីលីពីន ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
ក្រសួងការបរទេស បានបញ្ជាក់ទៀតថា ក្នុងឱកាសដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា និងហ្វីលីពីន ដំណើរទស្សនកិច្ចរបស់ទេសរដ្ឋមន្រ្តីនៅសាធារណរដ្ឋហ្វីលីពីន នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងនៅក្នុងកម្រិតតំបន់ និងអន្តរជាតិ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖