(សៀមរាប)៖ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង ៩៥លានដុល្លារអាមរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ។
របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា សម្រាប់រយៈពេល១១ខែ ឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរអន្តរជាតិចំនួន ២,១៨៩,៨០៤នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ចាប់ពីខែមករា ដល់ខែវិច្ឆិកា បើធៀបនឹងរយៈពេល១១ខែដូចគ្នា កាលពីឆ្នាំ២០១៦ គឺមានការកើនឡើង១២.៤៣%។ សម្រាប់ចំណូលសរុបបានចំនួន ៩៥,៦៦១,២៤១ដុល្លារអាមេរិក មានការកើនឡើង ៧២.៦១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។
ដោយឡែកសម្រាប់រយៈពេល១ខែ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរអន្តរជាតិចំនួន២៤៩,២៣១នាក់ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១៣.៧៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ និងទទួលបានចំណូល ១១,៤៤៦,២២៧ដុល្លារ មានការកើនឡើង៨០.៨៧ភាគរយ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តតម្លៃលក់ប័ណ្ណថ្មី ចូលទស្សនារមណីយដ្ឋានអង្គរ ដែលត្រូវបានចាប់អនុវត្តពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។
សម្រាប់ការអនុវត្តតម្លៃលក់ប័ណ្ណថ្មីនេះ ក្នុងរយៈពេល១០ខែ ចាប់ពីខែកុម្ភៈ ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានបដិភាគនូវចំណូលចំនួន ៣,៨០៥,៥២៦ដុល្លារ ត្រូវបានបង់ចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ការពិនិត្យ ព្យាបាល និងសង្រ្គោះអាយុជីវិតកុមារកម្ពុជា។
ការផ្ដល់ជូនថវិកានេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការគិតគូរបន្ថែមទៀត របស់រាជរដ្ឋាភិបាលក្នុងការជួយសម្រួល នូវបញ្ហាហិរញ្ញវត្ថុ និងនិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា៕