News Update: កម្មកររោងចក្រ EVC ម៉េងដាហ្វូតវៀរ ជាង៥០០នាក់ ដែលបានបិទផ្លូវវេងស្រេងនោះ ពេលនេះបានបើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរវិញហើយ
01-12-2017 10:42
(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចថា នៅវេលាម៉ោងប្រមាណជាង១០ព្រឹកនេះ កម្មកររោងចក្រ EVC ម៉េងដាហ្វូតវៀរ ប្រមាណ៥០០នាក់ ដែលបានបិទផ្លូវវេងស្រេងនោះ ពេលនេះបានព្រមបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរវិញហើយ។
ការព្រមបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរវិញនេះ ត្រូវបានលោកអធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា ក្រោយពីលោកបានជួបពិភាក្សាផ្ទាល់ជាមួយកម្មករ ដែលបន្ទាប់ពីបានទទួលបញ្ជាភ្លាមៗ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយឲ្យចុះទៅសម្របសម្រួលជាមួយកម្មករ ដើម្បីបើកផ្លូវទុកជាប្រយោជន៍សាធារណៈជូនពលរដ្ឋ និងរង់ចាំការពិគ្រោះដោះស្រាយរវាងអាជ្ញាធរពាក់ព័ន្ធ និងថៅកែរោងចក្រ។
សួមជម្រាបថា នៅវេលាម៉ោងប្រមាណជិត១០ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មកររោងចក្រ EVC ម៉េងដាហ្វូតវៀរ បាននាំគ្នាបិទផ្លូវវេងស្រេងជិតតែម្ដង ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យមានការកកស្ទះយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News មូលហេតុដែលនាំឲ្យមានការបិទផ្លូវនេះ ដោយសារតែពួកគេតវ៉ាពីលក្ខខណ្ឌការងារមួយចំនួនពីថៅកែរោងចក្រ៕