(កំពង់ចាម)៖ ទោះបីជាមានការរីកចម្រើន នៃការអភិវឌ្ឍនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាយ៉ាងណាក៏ដោយ ក៏វិស័យនេះនៅមានបញ្ហាប្រឈមមួយចំនួនធំផងដែរ ដែលកត្តាទាំងនេះបណ្ដាលមកពីប្រជាពលរដ្ឋយល់ដឹងពីវិស័យនេះនៅមានកម្រិត មួយវិញទៀតគួបផ្សំនឹងការចាញ់បោករបស់ជនខិលខូចមួយចំនួនដែលតែងតែដើរបោកកុហកប្រជាពលរដ្ឋ។
ថ្លែងក្នុងកម្មវិធី សិក្ខាសាលាផ្សព្វផ្សាយស្ដីពី វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងឲ្យដឹងថា បញ្ហាប្រឈមដែលកំពុងជួបប្រទះរាល់ថៃ្ងនេះរួមមាន៖
១៖ មតិមួយចំនួនបានរិះគន់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ពុំមានការអភិវឌ្ឍន៍ជាវិជ្ជមានប៉ុន្មានទេ ដោយសារតែវិស័យនេះ គ្រាន់តែជាអន្ទាក់ធ្វើឲ្យប្រជាពលរដ្ឋក្រីក្រ កាន់តែជំពាក់បំណុលវ័ន្ដក។
២៖ មានមជ្ឈដ្ឋាននិងបុគ្គលមួយចំនួន បាននិងកំពុងកេងយកផលចំណេញផ្នែកនយោបាយ តាមរយៈការឃោសនាឲ្យប្រជាពលរដ្ឋយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាគ្រឹះស្ថានរបស់រដ្ឋ ដោយប្រជាពលរដ្ឋខ្ចីប្រាក់ដោយមិនបាច់សង់ប្រាក់កម្ចីវិញនោះឡើយ ហើយប្រសិនបើពួកគេ ឈ្នះឆ្នោតនៅអណត្តិក្រោយ នោះពួកគេនឹងលុបចោលប្រាក់កម្ចីទាំងនោះ។
៣៖ មានជនខិលខូចមួយចំនួនបានបោកប្រាស់ប្រជាពលដ្ឋ តាមរយៈការឃោសនាឲ្យពលរដ្ឋយកប្រាក់ទៅដាក់សន្សំជាមួយពួកគេ ដោយសន្យាឲ្យការប្រាក់ខ្ពស់ ដែលនេះជាសកម្មភាពមិនស្រប់ច្បាប់ទាំងស្រុង។
៤៖ មានជនខិលខូច និងអង្គការមួយចំនួន បាននិងកំពុងធ្វើអាជីវកម្មផ្ដល់សេវាមីក្រូហិរញ្ញវត្ថុដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា តាមរយៈការផ្ដល់ប្រាក់កម្ចីជាលុយរាប់ជាដើម ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ។
៥៖ ការយល់ដឹងរបស់ពលរដ្ឋពីផ្នែកហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ ឧទាហរណ៍ ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំទិសដៅ ដែលអាចបង្កើតចំណូលវិញបាន ការយល់ដឹងឲ្យបានច្បាស់លាស់អំពីលក្ខខណ្ឌនៃកិច្ចសន្យាប្រាក់កម្ចី និងវិធីគណនាការប្រើប្រាស់ និងរបៀបសងប្រាក់កម្ចីជាដើម។
៦៖ អាជ្ញាធរដែនដីមួយចំនួន បាននិងកំពុងសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងជាមួយគ្រឹះស្ថានស្របច្បាប់ និងមិនស្របច្បាប់ តាមរយៈការជួយចេញលិខតិបញ្ជាក់ជូនប្រជាពលរដ្ឋច្រើនសន្លឹកដើម្បីប្រើប្រាស់ក្នុងការខ្ចីប្រាក់ ហើយអាជ្ញាធរដែនដីមួយចំនួនទៀតក៏បានចូលរួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើរទារបំណុលពីពលរដ្ឋ។
លោកបានបញ្ជាក់ទៀតថា ធនាគារជាតិនៃកម្ពុជាបានកំពុងនឹងដោះស្រាយបញ្ហាទាំងនេះ ដោយសំណមពរទៅគ្រប់ភាគីពាក់ព័ន្ធចាប់វិធានការ៖
* ផ្សព្វផ្សាយអប់រំដល់ពលរដ្ឋឲ្យយល់ដឹងពីប្រភពខ្ចីប្រាក់ស្របច្បាប និងការប្រើប្រាស់កម្ចីឲ្យចំគោលដៅ និងគោរពតាមកាតព្វសងប្រាក់។
* បន្ដចូលរួមសហការគ្នាដើម្បីអនុវត្តច្បាប់ និងចាត់វិធានការចំពោះសមាគម អង្គការមិនមែនរដ្ឋាភិបាល ជនខិលខូច និងអ្នករកស៊ីខ្ចីចង់ការប្រាក់ ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
* បន្ដតាមដានឲ្យច្បាស់លាស់ និងពិនិត្យឲ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់ជូនពលរដ្ឋយកទៅប្រើប្រាស់ ជាពិសេសសម្រាប់យកទៅស្នើសុំប្រាក់កម្ចី ហើយបើអាចធ្វើបានគួរតែបញ្ឈប់ការចេញលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីច្រើនសន្លឹក ជូបពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងការខ្ចីប្រាក់។
* គួរបញ្ឈប់សកម្មភាពសហការជាមួយគ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទនានា ក្នុងការដើរទារឬប្រមូលប្រាក់ពីពលរដ្ឋ ដែលនាំឲ្យមានការយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ។
ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជាក៏សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងយល់ច្បាស់ពីវិស័យនេះបន្ថែមទៀត និងចូលរួមអនុវត្តនូវគោលការមួយចំនួន ដែលបានដាក់ចេញយ៉ាងខ្ជាប់ខ្ជួន៕