(កំពង់ធំ)៖ លោក ឆាយ ឆត្រាវុធ អគ្គលេខាធិការរង និងជាអនុប្រធានលេខាធិការគណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) និងលោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ អញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ រៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។
លោក ហួន វ៉ាន់និត បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះរៀបចំទ្បើងដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងកំណត់នូវបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងស្វែងរកដំណោះស្រាយ និងដាក់ចេញនូវសកម្មភាពការងារអាទិភាព សម្រាប់អនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ជំហានបន្ទាប់។
លោកបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានធ្វើការកែទម្រង់លើគ្រប់វិស័យជាច្រើន ពិសេសការកែទម្រង់វិស័យមុខងារសាធារណៈឲ្យប្រែក្លាយជាអភិបាលកិច្ចល្អ ដូចនេះ គ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងមន្រ្តីគ្រប់ៗរូបទាំងអស់ត្រូវអនុវត្តឲ្យបាន ដើម្បីធានាអំពីភាពជោគជ័យនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈឲ្យបានសកម្ម និងខ្លាំងក្លាថែមទៀត ក្នុងការឆ្លើយតបទៅនឹងកំណើតនៃសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យបានល្អប្រសើរឡើង។
លោក ឆាយ ឆត្រាវុធ លើកឡើងថា ក្រសួងមុខងាសាធារណៈនៅក្នុងឆ្នាំ២០១៧នេះ បានផ្តោតសំខាន់នៃការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសារធាណៈ មានគោលបំណង៣៖
១៖ សេវាសាធារណៈប្រកបដោយគុណភាព សាមញ្ញភាព ប្រសិទ្ធភាព ភាពជឿទុកចិត្តបាន ភាពឆាប់រហ័សឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា។ ២៖ ការគ្រប់គ្រង និងការអភិវឌ្ឍមន្ត្រីរាជការឲ្យកាន់តែមានសមត្ថភាព ភាពស្វាហាប់ ប្រសិទ្ធភាព និងភាពជឿទុកចិត្តក្នុងការផ្តល់សេវាសាធារណៈ ដោយប្រកាន់ខ្ជាប់នូវវប្បធម៌ សេវាសាធរណៈ ដើម្បីឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈ។
៣៖ ប្រព័ន្ធបៀវត្សដែលធានានូវសមធម៌ បង្កើនផលិតភាព និងប្រសិទ្ធភាពការងារព្រមទំាងធានានូវសង្គតិភាពរវាងក្របខ័ណ្ឌមន្ត្រីរាជការ និងក្របខ័ណ្ឌកងកម្លំាងប្រដាប់អាវុធ។
ក្នុងនោះក៏មានគោលដៅដើម្បីធានាភាពងាយស្រួលក្នុងការទទួលសេវា ផ្តោតលើសេចក្តីត្រូវការជាក់ស្តែង ផ្តល់សេវាឲ្យចំទីកន្លែង លើកកម្ពស់តម្លាភាព និងការទទួលខុសត្រូវ កែលម្អគុណភាព និងប្រសិទ្ធភាពនៃសេវារៀបចំតួនាទី និងភារកិច្ច របៀបគ្រប់គ្រង និងចាត់ចែងការងារឲ្យមានភាពច្បាស់លាស់ គ្រប់គ្រងជំនាញ និងចំនួនមន្ត្រីរាជការស៊ីវិល លើកកម្ពស់គុណផល និងការទទួលខុសត្រូវ អភិវឌ្ឍនសមត្ថភាពការងារ ពង្រឹងសីលធម៌ និងវិន័យ ប្រព័ន្ធបៀវត្សដែលធានានូវសមធម៌ ដោយបង្រួមគម្លាតអតិបរិមា និងអប្បរមា ធានាបើកប្រាក់បៀវត្សទាន់ពេលវេលាដល់ដៃគ្រប់ចំនួន កែលម្អប្រព័ន្ធបៀវត្ស ដែលផ្តល់ការលើកទឹកចិត្ត ផ្អែកលើសមិទ្ធកម្មកែលម្អរចនាសម្ព័ន្ធបៀវត្ស ដើម្បីធានាសង្គតិភាពរវាងបៀវត្សមន្ត្រីរាជការស៊ីវិល និងកងកម្លំាងប្រដាប់អាវុធប្រកបដោយប្រសិទ្ធិភាព បង្កើនបៀវត្សប្រកបដោយចីរភាព។
លោកបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំពន្យល់របស់មន្ត្រីជំនាញ ដើម្បីទទួលបានពុទ្ធិល្អៗ និងបទពិសោធន៍ថ្មីៗក្នុងន័យអភិវឌ្ឍន៍រដ្ឋបាលសាធារណៈ ដើម្បីចូលរួមលើកកម្ពស់ និងការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព៕