(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន សរុប១២នាក់ ជាបន្ដបន្ទាប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពេលកម្លាំងជំនាញ​​បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើតេស្តស្វែងរកសារធាតុញៀន នៅចំណុចភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យចំនួន​០២នាក់ ឈ្មោះ សេន ដានី អាយុ​២៦ឆ្នាំ (​វិជ្ជមាន) និងឈ្មោះ ស្រេង បញ្ញា ហៅ​​ហុង អាយុ២៤ឆ្នាំ (វិជ្ជមាន)។

ក្រោយពីឃាត់ខ្លួន​ជនសង្ស័យ២នាក់ខាងលើ កម្លាំងជំនាញបានបន្តឃាត់ខ្លួន ឈ្នោះ ចាន់​ វាសនា ហៅជុក អាយុ២៧ឆ្នាំ នៅភូមិត្នោតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ (​មុខសញ្ញាចែកចាយ)។ សមត្ថកិច្ចជំនាញបានស្រាវជ្រាវបន្តកិច្ចប្រតិបត្តិការ នៅចំណុចរង្វង់មូលថ្នល់បំបែកត្រើង ស្ថិតក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ដោយបានបន្តបង្ក្រាបឃាត់ខ្លួនឈ្មោះ ប្រាក់ ទិត អាយុ៣១ឆ្នាំ ដកហូតបាន ម្សៅក្រាមពណ៌ស​ចំនួន០២កញ្ចប់ធំ និងទូស័ព្ទដៃ០១គ្រឿង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ទូរស័ព្ទមកទិញថ្នាំញៀន និងបានបន្តឃាត់ខ្លួនជាបន្តបន្ទាប់ ចំនួន៨នាក់ និងដកហូតបាន​វត្ថុតាង ម៉ូតូ០​៧គ្រឿង, ទូរស័ព្ទដៃ០៦គ្រឿង, វិទ្យុទាក់ទង០១គ្រឿង និងប្រាក់រៀលមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង១២នេះ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕