(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានធ្វើការបង្ក្រាបក្រុមចោរឆក់ដែលរត់គេចពីភ្នំពេញ ទៅធ្វើសកម្មភាពនៅខេត្តតំបន់ទេសចរណ៍មួយនេះ បានជាបន្ដបន្ទាប់ចំនួន៦នាក់ ដោយមានទាំងស្រី មានទាំងប្រុស ក្រោយធ្វើសកម្មភាពសម្រេចជាច្រើនលើក។
មន្ដ្រីនគរបាលបានប្រាប់មកអង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចទំនប់អញ្ចាញ ភូមិ អញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោសឆក់ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ទី១៖ ឈ្មោះ ជា លាងគី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២៖ ឈ្មោះ សោ ដាណេ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពឆក់កាបូបជនបរទេស ឈ្មោះ CHAN JONATHAN YIU LOON ភេទប្រុស និងឈ្មោះ KAN SUK KWAN ភេទស្រី ដោយយកបានសម្ភារៈមួយចំនួន។
ក្រោយធ្វើសកម្មភាពជនសង្ស័យ បានធ្វើការគេចខ្លួនតាមផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅបរិវេណតំបន់ប្រាសាទ ខណៈដែលកម្លាំងផ្នែកអន្តរគមន៍ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់នគធំ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កំពុងធ្វើការល្បាតក្នុងមូលដ្ឋាន ហើយបានឃើញសកម្មភាពរបស់ជនសង្ស័យ ក៏បានធ្វើការតាមប្រដេញជនសង្ស័យ ទៅដល់ចំណុចខាងមុខសាលាសង្កាត់នគរធំ ជនសង្ស័យបានទំលាក់កាបូបរបស់ជនរងគ្រោះចោល ហើយបន្តគេចខ្លួនទៅដល់ចំណុចខាងកើតប្រាសាទតាព្រហ្ម ជនសង្ស័យបានផ្តួលម៉ូតូចោល រត់ចូលព្រៃ។
ដោយមានការចូលរួមសហការណ៍ល្អ ពីនគរបាលការពារបេតិកភណ្ឌ ក៏ដូចជាបងប្អូនប្រជាការពារភូមិ ជនសង្ស័យទាំងពីរនាក់ដែលព្យាយាមរត់គេចខ្លួនត្រូវបានកម្លាំងចម្រុះ ធ្វើការឃាត់ខ្លួនបាននៅក្នុងព្រៃបរិវេណខាងលិច ប្រាសាទតាព្រហ្ម និងបានបញ្ជូនមកនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីធ្វើការសាកសួរ។ ដោយដកហូតបាន ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅស្លាកលេខភ្នំពេញ1KG-7188 និងកាបូបរបស់ជនរងគ្រោះ។
ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានណែនាំឲ្យបើកការស្រាវជ្រាវស៊ើបអង្កេតឲ្យដល់ឬសគល់។
កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប និងលោកអធិការរងទទួលបន្ទុកព្រហ្មទណ្ឌ ដោយមានការសហការណ៍ល្អ ជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានធ្វើការសាកសួរជនសង្ស័យ និងបន្តនីតិវិធីរហូតឈានដល់ធ្វើការឃាត់ ខ្លួនបានបក្សពួកជនសង្ស័យចំនួន០៤នាក់បន្ថែមទៀត នាំមកអធិការដ្ឋាននគរបាលក្រុងសៀមរាបដើម្បីធ្វើការសាកសួរ។
ជនសង្ស័យទី១៖ឈ្មោះ ព្រឿន សុផានិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាចារី និងមេក្លោង), ទី២៖ឈ្មោះ ម៉ៅ ចាន់ថាវី ភេទស្រី អាយុ២១ឆ្នាំ រស់នៅខណ្ឌចំការមន រាជធានីភ្នំពេញ (ជាចារី និងមេក្លោង), ទី៣៖ឈ្មោះ ទេព ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ រស់នៅខណ្ឌចំការមន រាជធានីភ្នំពេញ (អ្នកសមគំនិត) និងទី៤៖ឈ្មោះ ម៉ៅ សុបញ្ញា ភេទស្រី អាយុ២០ឆ្នាំ រស់នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (អ្នកសមគំនិត)។
ក្នុងនោះកម្លាំងជំនាញដកហូតបាន Laptop ម៉ាក Apple ចំនួន០១គ្រឿង, ចិញ្ចៀនលោហធាតុពណ៌ស ចំនួន០៦វង់, វិទ្យុទាក់ទងប្រភេទអាយឌី ម៉ាក Motorola ចំនួន០១គ្រឿង, ម៉ូតូ០១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅស្លាកលេខភ្នំពេញ1FA-4711, ប្រាក់កាក់អង់គ្លេស ចំនួន១២០ផោន, លុយអ៊ីរ៉ូ ចំនួន០៥អ៊ីរ៉ូ, លុយម៉ាឡេស៊ី ចំនួន០៥RM, លុយមីយ៉ាន់ម៉ា ចំនួន២,១៣៥០kyat។
ជនសង្ស័យបានឆ្លើយសារភាពថាកន្លងមកក្រុមខ្លួន បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទក្នុងភូមិសាស្ត្រក្រុងសៀមរាប បានចំនួន០៥លើក និងចំនួន០៣លើកនៅរាជធានីភ្នំពេញ។ ចំពោះវត្ថុតាងដែលដកហូតបានបន្ថែមនេះ គឺជាវត្ថុតាងដែលក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់ភ្ញៀវជនជាតិអាមេរិចកាំងម្នាក់ នៅចំណុចជិតសណ្ឋាគារឃីងដុម ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយវត្ថុតាងទាំងនេះ ត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ទទួលជូនភ្ញៀវដែលជាជនរងគ្រោះវិញរួចហើយ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់នោះ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការតាមច្បាប់៕