(ភ្នំពេញ)៖ ក្នុងបទសម្ភាសរយៈពេលជាង៣០នាទី ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមើលទៅហាក់ដូចជាការរៀបចំ ទុកជាមុននូវខ្លឹមសារដែលត្រូវនិយាយ ឯកអគ្គរដ្ឋទូត វិល្លៀម ហេដ បានព្យាយាមក្នុងការលាងជម្រះខ្លួនលោក និងសហរដ្ឋអាមេរិកពីការពាក់ព័ន្ធនឹងផែនការ បដិវត្តន៍ពណ៌ដែលអតីតមេបក្សប្រឆាំង កឹម សុខា ថ្លែងចោទប្រកាន់ថាអាមេរិកបានគាំទ្រខ្លួនដើម្បីផ្តួលរំលំរបប និងមេដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា តាមទម្រង់នៃបដិវត្តន៍ពណ៌ដែលបានធ្វើជោគជ័យ នៅប្រទេសយូហ្គោស្លាវីនិងស៊ែបប៊ី។
ដោយមិនបានទទួលស្គាល់ការលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា វិល្លៀម ហេដ ថែមទាំងបានបន្ទោសកម្ពុជាថា នៅក្នុងរយៈពេល២ឆ្នាំនេះ រដ្ឋាភិបាលខ្មែរ មិនចាប់អារម្មណ៍ និងមិនមានចេតនាស្មោះត្រង់ណាមួយ ឱ្យមានទំនាក់ទំនងល្អមួយជាមួយសហរដ្ឋអាមេរិកទៅវិញ។ តើនេះពិតជាល្បិចស្វាស៊ីបាយលាបមាត់ពពែ ដែលទូតនៃប្រទេសមហាអំណាចមួយកំពុងតែប្រើប្រាស់ឬ?
វិល្លៀម ហេដ បានថ្លែងថា លោកមកកម្ពុជាមានគោលដៅច្បាស់លាស់ គឺជួយធ្វើឱ្យមានទំនាក់ទំនងល្អរវាងអាមេរិកជាមួយកម្ពុជា។ ប៉ុន្តែតាមពិតចាប់តាំងពីទូតរូប នេះចាប់ផ្តើមការងារបន្តពីទូត វិល្លៀម ថូត បុគ្គលរូបនេះតែងព្យាយាមបង្ហាញឥទ្ធិពល ខ្លួនក្នុងនាមជាទូតមហាអំណាច និងសម្ញែងឫកពារជាឪរបស់កម្ពុជា និងបានដើរហួស បន្ទាត់ក្រហមនៃច្បាប់ការទូត។ ជារឿយៗទូតរូបនេះបានធ្វើអត្ថាធិប្បាយដែលរំលោភ លើដែនសមត្ថកិច្ច និងច្បាប់កម្ពុជាដើម្បីការពារផលប្រយោជន៍នៃក្រុមបក្សប្រឆាំងដែលជាអាយ៉ងរបស់ខ្លួន។ នៅក្នុងក្រសែភ្នែករបស់បុគ្គលទូតរូបនេះ របបនិងមេដឹកនាំ កម្ពុជាបច្ចុប្បន្នគឺជា «របបផ្តាច់ការ និងជនផ្តាច់ការ»។ ភាពលម្អៀងនិងនយោបាយអវិជ្ជមានរបស់ខ្លួនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិង រាយការណ៍អ្វីដែលអាក្រក់ពីកម្ពុជារួមនឹងមាននិន្នាការលម្អៀងទៅរកបក្សប្រឆាំងនេះ របស់វិល្លៀម ហេដ គឺជាបច្ច័យនាំឱ្យមានភាពរកាំរកូសក្នុងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ តាមពិត ឯកអគ្គរដ្ឋទូតនៃប្រទេសមួយដើរតួនាទីសំខាន់ណាស់ដើម្បី ជាស្ពានពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ធ្វើសកម្មភាពក្នុងក្របខណ្ឌច្បាប់ការទូត និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ហើយក៏មិនតាំងខ្លួនជាម៉ែឪ ឬអាណានិគមលើប្រទេសកម្ពុជាឡើយ។
សម្រាប់កម្ពុជា ប្រទេសមួយនេះបានប្រកាន់នូវនយោបាយអព្យាក្រឹត្យ មិនយកប្រទេសណាមួយធ្វើសត្រូវឡើយ។ កម្ពុជាមានគោលដៅច្បាស់លាស់ នៅក្នុងកិច្ចសហការ អន្តរជាតិរបស់ខ្លួនជាមួយប្រទេសទាំងអស់ នៅលើពិភពលោក និងក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើភាព។ អ្វីដែលទូត វិល្លៀម ហេដ កំពុងតែព្យាយាមធ្វើគឺគ្មានអ្វីក្រៅពីការកែប្រែទង្វើអាក្រក់របស់ខ្លួន ដែលគាំទ្របក្សប្រឆាំងធ្វើបដិវត្តន៍ពណ៌ មកជាគុណសម្បត្តិ និងតាំងខ្លួនជាអ្នកជួយសង្គ្រោះខ្មែរលើគ្រប់រូបភាពនោះទេ។ ល្ខោនដែលទូត វិល្លៀម ហេដ និងឧបករណ៍ នយោបាយរបស់ខ្លួនសម្តែងនៅពេលនេះត្រូវបានគេមើលឃើញថាគឺគ្រាន់តែដើម្បី លុបលាងនូវផែនការអាក្រក់របស់ខ្លួន និងកែប្រែខ្លួនជាជនរងគ្រោះ ហើយព្យាយាមក្នុងការទម្លាក់កំហុសទាំងឡាយ ដាក់រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ។ បរទេសមួយចំនួន ពិតជាមិនមានចេតនាល្អចំពោះកម្ពុជាឡើយ ហើយក៏មិនសប្បាយចិត្ត នឹងឃើញកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍឡើយព្រោះខ្លួន បានព្យាយាមបំផ្លាញប្រទេសតូចមួយនេះ តាំងពីអតីតកាលមក និងបានទម្លាក់គ្រាប់បែកជិតបីលានតោនសម្លាប់ខ្មែរ និងបំផ្លាញកម្ពុជា ហើយសំណល់សង្គ្រាមនេះ បានបន្សល់ទុក្ខផលវិបាកដល់ជាតិ និងប្រជាជនខ្មែរ រហូតមកដល់បច្ចុប្បន្ននេះ។
ពលរដ្ឋខ្មែរសុខចិត្តឈឺចាប់រយៈពេលខ្លីក្នុងការប្រឈមនឹងសម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចដ៏អយុត្តិធម៌ជាយថាហេតុរបស់បរទេសមួយចំនួន ដែលមាននិន្នាការគាំទ្របក្សប្រឆាំង ប៉ុន្តែមិនអនុញ្ញាតឱ្យក្រុមក្បត់ជាតិមានវត្តមានបំផ្លាញសន្តិភាព និងការអភិវឌ្ឍ និងប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជា ពីសំណាក់បរទេសមួយចំនួនតូច។ កម្ពុជាបានដឹងយ៉ាងច្បាស់ថាអ្វីដែល វិល្លៀម ហេដ ព្យាយាមធ្វើគឺក្នុងចេតនាទម្លាក់កំហុសមកកម្ពុជា ក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងដើម្បីការពារបុព្វហេតុកៀងគរសម្ពាធនិងទណ្ឌកម្មអន្តរជាតិ ប្រឆាំងនឹងកម្ពុជាដែលក្រុមអាយ៉ងរបស់ខ្លួន កំពុងតែធ្វើសកម្មភាពនៅក្រៅប្រទេស។ នៅពេលនេះពួកគេកំពុងតែសប្បាយចិត្តនឹងឃើញប្រទេសមួយចំនួនធ្វើសកម្មភាព ប្រឆាំងខ្មែរជាពិសេសកូនស្រីមេបក្សក្បត់ជាតិ កឹម សុខា ដែលតែងតែព្យាយាមក្នុងការ បំផ្លាញជាតិ និងប្រជាជនកម្ពុជាតាមគ្រប់រូបភាពដើម្បីអ្វីដែលគេតែងតែដេកយល់សប្តិ ថាទាមទារបក្សសង្គ្រោះជាតិមកវិញ និងដើម្បីដោះលែងកឹម សុខា ឱ្យមានសេរីភាព។ ប៉ុន្តែនេះគ្រាន់តែជាការនឹកស្រម៉ៃដែលគ្មានការពិត ជារៀងរហូត។ ទោះបីជាចៅហ្វាយនាយបរទេសរបស់ខ្លួនព្យាយាមប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់វិញ ក៏មិនអាចទៅរួចដែរ ហើយ កឹម សុខា នឹងនៅតែជាជនក្បត់ជាតិនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
សាលដីការបស់តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកនៃបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ដោយសារតែបក្សនេះត្រូវ បានរកឃើញថាបានទទួល បញ្ជាពីអាមេរិក ឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។ សាលដីកានេះបានឆ្លាក់ក្នុងប្រវត្តិសាស្ត្រកម្ពុជារួចស្រេចទៅហើយ។ ប្រសិនបើ វិល្លៀម ហេដ មិនខ្លាចខ្លួន និងអាមេរិកជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងនាមជាអ្នកគាំទ្រផែនការបដិវត្តន៍ពណ៌ នៅកម្ពុជាទេ ម្ល៉េះទូតរូបនេះមិនព្យាយាម សម្តែង និងបំភ័ន្ត បំភ្លៃ ក្រឡៃខ្លួនឱ្យទៅជាជន រងគ្រោះនោះឡើយ។ ដូច្នេះ បើ វិល្លៀម ហេដ ពិតជាស្រឡាញ់ខ្មែរដូចភាសាដែលខ្លួនតែងតែនិយាយនោះ សូមកុំដើរតួនាទីជាអ្នកបំផ្លាញស្ពានមិត្តភាពកម្ពុជា-អាមេរិក និងបំផ្លាញកម្ពុជាតាមរយៈបដិវត្តន៍ពណ៌ព្រោះកម្ពុជាធ្លាប់ត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍រួចមកហើយ ទើបនឹងរស់ក្នុងសន្តិភាព និងការអភិវឌ្ឍបាន២០ឆ្នាំ សូមទុកឱ្យកម្ពុជារស់ក្នុងភាពសុខសាន្តដូចប្រទេសអ្នកផង ! កម្ពុជាក៏ជាប្រជាជាតិមួយ ដែលមានអរិយធម៌ខ្ពង់ខ្ពស់ មានសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ខ្លួនដែរ ហើយពលរដ្ឋ កម្ពុជាប្តេជ្ញាចិត្តការពាររដ្ឋធម្មនុញ្ញ និងប្រឆាំងដាច់ខាតរាល់ការជ្រៀតជ្រែកទាំងឡាយ របស់បរទេសក្នុងកិច្ចការផ្ទៃក្នុងជាតិខ្លួន៕
ដោយ៖ ចៅ ចាក់ស្មុក