(ភ្នំពេញ)៖​ ខណៈដែលប្រជាជនក្នុងពិភពលោកកាន់តែច្រើនឡើងៗ ភ្ជាប់បច្ចេកវិទ្យាទៅនឹងជីវិតរស់នៅរបស់ខ្លួន  ការទូទាត់ដោយមិនប្រើសាច់ប្រាក់ តាមរយៈឧបករណ៍ចល័ត កាន់តែពេញនិយមខ្លាំងឡើងក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្មនានាទូទាំងពិភពលោក ដែលក្នុងនោះចិនជាប្រទេសនាំមុខគេសម្រាប់វិស័យនេះ។

ទូរស័ព្ទដៃ គ្របដណ្ដប់លើជីវិតរស់នៅក្នុងប្រទេសចិន ហើយប្រជាជនចិនរាប់រយលាននាក់ ប្រើប្រាស់ទូរស័ព្ទដៃ​​ សម្រាប់និយាយជាមួយមិត្តភ័ក្ត តាមដានព័ត៌មាន និងបង់ថៃ្លរាល់មុខទំនិញទាំងអស់ រាប់ចាប់ពីទំនិញប្រើប្រាស់សម្រាប់តម្រូវការមូលដ្ឋានរហូតដល់ទំនិញប្រណីតៗ នៅតាមហាងជាក់ស្ដែង និងតាមOnline។ ក្នុងថ្ងៃបញ្ចុះថ្លៃពិសេស នៅប្រទេសចិន នៅខែវិច្ឆិកានេះ ការទិញទំនិញមានទំហំទឹកប្រាក់រហូតដល់ទៅជាង ២៥ពាន់លានដុល្លារក្នុងមួយថ្ងៃ ហើយក្នុងនោះជាងពាក់កណ្ដាល ត្រូវបានធ្វើឡើងតាមរយៈទូរស័ព្ទដៃ។ នេះជាលើកដំបូងហើយ ដែលទូរសព្ទដៃបានឈានមុខកុំព្យូទ័រ ក្នុងការទិញទំនិញតាម Online ក្នុងពិធីបុណ្យលក់ទំនិញនេះ ។

ក្នុងសង្គមមួយដែលសាច់ប្រាក់ កំពុងបាត់បង់ប្រជាប្រិយភាព នៅពេលនេះ សូម្បីការផ្ដល់ប្រាក់ទឹកតែឲ្យទៅបុគ្គលិក ឬការផ្ដល់ប្រាក់កាសដល់អ្នកខ្វះខាត អាចធ្វើទៅបានតាមរយៈប្រព័ន្ធឌីជីថល ថែទៀតផង។ ខណៈដែលមានមនុស្សជាច្រើនទូទាត់ទំនិញ ឬសេវាដោយប្រើប្រាស់កំពូលកម្មវិធី ដូចជា កម្មវិធី Alipay ដែលមានអ្នកប្រើប្រាស់ជាង ៧០០លាននាក់ ឬកម្មវិធី WeChat នៅពេលនេះ ចំនួនមនុស្ស ដែលព្រមទទួលយកការទូទាត់ តាមកម្មវិធីបែបនេះ តាមរយៈការប្រើប្រាស់កូដ QR ក៏មានការកើនឡើងផងដែរ។

កម្មវិធីបែបនេះអនុញ្ញាតឲ្យបុគ្គលគ្រប់រូប ដែលមានទូរស័ព្ទដៃមួយ និងកូដQRមួយ ទទួលបានថ្លៃទូទាត់ ទំនិញ ឬក៏សេវានានា ដែលមានន័យថា បុគ្គលគ្រប់រូបអាចក្លាយជាពាណិជ្ជករម្នាក់បាន ប្រសិនបើពួកគេមានរបស់សម្រាប់លក់។ អត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ កំពុងមានប្រជាប្រិយភាពខ្លាំងឡើង នៅបណ្តាប្រទេសផ្សេងៗទៀត ក្រៅពីប្រទេសចិន។

នៅក្នុងទីក្រុង ញ៉ូវយ៉ក ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ការទូទាត់ប្រាក់ តាមរយៈ កម្មវិធី WeChat របស់ប្រទេសចិន បច្ចុប្បន្ននេះត្រូវបានប្រើប្រាស់ក្នុងការជិះតាក់ស៊ី និងនៅតាមហាងទំនិញនានាទូទាំងក្រុង។ ទីក្រុងធំៗដទៃទៀតដូចជា Las Vegas ក៏កំពុងចាប់ផ្ដើមប្រើប្រាស់បចេ្ចកវិទ្យានេះដែរ។ សម្រាប់ប្រទេសឥណ្ឌា ជាប្រទេស ដែលមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទីពីរ ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ការទូទាត់ដោយមិនប្រើសាច់ប្រាក់ ក៏កំពុងចាប់ផ្ដើមពេញនិយមផងដែរ ដោយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសឥណ្ឌា បានបញ្ឃប់ការចរាចរណ៍ក្រដាស់ប្រាក់មួយចំនួន ដោយជំនួសវិញតាមរយៈការប្រើប្រាស់កូដ QR។ វាបានក្លាយជាមធ្យោបាយ កាន់តែងាយស្រួលជាងមុន សម្រាប់ប្រជាជនឥណ្ឌារាប់លាននាក់ ក្នុងការទូទាត់លើមុខទំនិញ និងសេវានានា។

គួរកត់សម្គាល់ផងដែរថា ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសឥណ្ឌា និងប្រទេសកម្ពុជាជាដើម ជារឿយៗអាចចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាថ្មី បានយ៉ាងឆាប់រហ័ស តាមរយៈការផ្លោះរំលង។ មានន័យថា ប្រទេសកំពុងអភិវឌ្ឍន៍ អាចនាំមុខប្រទេសអភិវឌ្ឍន៍ ដោយការផ្លោះរំលងបច្ចេកវិទ្យាណាមួយទាំងស្រុង ហើយចាប់យកបច្ចេកវិទ្យាចុងក្រោយបំផុត មកប្រើប្រាស់ ដូចជាករណី កម្មវិធីទូទាត់ ដោយមិនប្រើសាច់ប្រាក់នេះជាដើម៕