(កណ្ដាល)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២ល្វែងនៅម្ដុំអ្នកតាចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរលត់ទៅវិញជាស្ថាពរហើយ នៅវេលាម៉ោងជិត១១យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមូលហេតុមកពីឆ្លងចរន្ដអគ្គិសនី។
នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក តោ សឿត បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះគ្រោះអគ្គិភ័យនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថផងដែរ។
នាយការិយាល័យរូបនេះបញ្ជាក់ថា ក្នុងគ្រោះអគ្គិភ័យនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់ចំនួន១០គ្រឿង ដោយពីស្នងការនគរបាលខេត្ត៤គ្រឿង, បញ្ជាការដ្ឋានអង្គរក្ស២គ្រឿង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៩គ្រឿងផងដែរ។ ដោយឡែកសម្រាប់មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់មួយនេះ គឺជំហានដំបូងសមត្ថកិច្ចរបស់លោកសន្និដ្ឋានថា បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។
បើតាមលោកវរសេនីយ៍ឯក តោ សឿត ផ្ទះដែលរងគ្រោះថ្នាក់អគ្គិភ័យនេះ គឺមានលក់ទូរស័ព្ទ, លក់ខោអាវ និងប៉ះកង់រថយន្ដ ដែលរងការខូតខាតអស់ទ្រព្យសម្បត្ដិមួយចំនួនធំផងដែរ។ ម្ចាស់ទី១៖ ឈ្មោះ ឃឹម សុភឹម អាយុ៧០ឆ្នាំ ក្រុមប្រឹក្សាសង្កាត់តាខ្មៅ។ ទី២៖ ឈ្មោះ ហម សុិនណា ស្រី៦០ អាជីវករ ជាផ្ទះផ្តើមឆេះទំហំ នៃការខូចខាតប្រហែល១២ម៉ឺនដុល្លារ ការឆាបឆេះនេះបណ្តាលមកពីផ្ទុះឌុយដោតឆ្នាំងបាយ។