(ហ្វីលីពីន)៖ រដ្ឋាបាលពន្ធដារកូរ៉េ និងជប៉ុន បានបន្តប្តេជ្ញាជួយដល់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីពន្ធដារ និងការចែករំលែកបទពិសោធន៍មេរៀនអនុវត្តល្អៗ ក្នុងគោលដៅធ្វើទំនើបកម្ម ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវ ការគ្រប់គ្រងប្រមូលចំណូលពន្ធ និងរដ្ឋបាលសារពើពន្ធកម្ពុជា។
ការបញ្ជាក់ជំហរបន្តជួយដល់កម្ពុជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ជាមួយរដ្ឋបាលពន្ធដារនៃប្រទេសកូរ៉េ និងជប៉ុន ដើម្បីពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពន្ធដារ នៃប្រជុំប្រចាំឆ្នាំលើកទី ៤៧ នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ី និងការសិក្សាស្រាវជ្រាវ (Study Group on Asia Tax Administration and Research “SGATAR”) នៅទីក្រុង Boracay ប្រទេសហ្វីលីពីន។
សូមជម្រាបថា លោក អ៊ុំ សីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តាងនាមលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ី និងការសិក្សាស្រាវជ្រាវ (Study Group on Asia Tax Administration and Research “SGATAR”) នៅទីក្រុង Boracay ប្រទេសហ្វីលីពីន រៀបចំឡើងចាប់ពីថ្ងៃច័ន្ទ-ពុធ ៩កើត-១២កើត ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧-៣០ ខែវិច្ឆិកា គ.ស. ២០១៧។ ។
គោលបំណងរបស់ SGATAR គឺបង្កើតឡើងដើម្បីផ្តល់ឱកាសដល់សមាជិក និងថ្នាក់ដឹកនាំនៃស្ថាប័នពន្ធដារទាំងអស់ជួបជុំគ្នា និងផ្តោះប្តូរព័ត៌មាន គំនិត បទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងវិស័យពន្ធដារ តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំ កិច្ចប្រជុំកម្រិតក្រុមការងារ និងការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នាជាដើម។
មកទល់បច្ចុប្បន្ន SGATAR មានប្រទេស និងស្ថាប័នពន្ធដារជាសមាជិកចំនួន១៧ ក្នុងនោះរួមមាន អូស្រ្តាលី នូវែលហ្សេឡង់ ចិន ជប៉ុន កូរ៉េខាងត្បូង ហុងកុង ម៉ាកាវ តៃវ៉ាន់ ម៉ុងហ្គោលី ប៉ាពួញូហ្គីនី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ថៃ ភីលីពីន និងកម្ពុជា ព្រមទាំងមានអ្នកសង្កេតការណ៍ពីបណ្តាស្ថាប័នអន្តរជាតិដទៃទៀត ដូចជា IMF, World Bank, ADB, UN, OECD, IBFD, AOTCA និង CIAT ជាដើម។
សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់ SGATAR នេះមានបែងចែកជា២ក្រុមធំៗ ដែលក្រុមទីមួយគឺក្រុមថ្នាក់ដឹកនាំ (Head of Delegates) និងក្រុមទីពីរក្រុមបច្ចេកទេស ដែលត្រូវបែងចែជា ៣ ផ្សេងទៀត (3 Working Groups) នឹងពិភាក្សាផ្តោតទៅលើប្រធានបទ ទី១.ការផ្ទេរថ្លៃ (Transfer Pricing), ទី២. ការគ្រប់គ្រងនិងការប្រើប្រាស់ព័ត៌មាន (Information Management and Utilization), និង ទី៣. ធនធានមនុស្សក្នុងរដ្ឋបាលសារពើពន្ធ (Human Resources in Tax Administration)។
បន្ថែមលើការងារ និងបេសកកម្មដែលប្រទេស និងស្ថាប័នពន្ធដារ ជាសមាជិកកំពុងបំពេញ ក៏ដូចជា ក្រុមការងារ SGATAR បានដាក់ចេញកន្លងមក អង្គប្រជុំទាំងមូល បានបង្ហាញនូវលទ្ធផល នៃការសិក្សាស្រាវជ្រាវកន្លងមក ដោយបានកំណត់បន្ថែម នូវអាទិភាពសម្រាប់ជាគោលដៅ ក្នុងការអនុវត្តបន្តទៀត ក្នុងនោះមាន ១. Base Erosion and Profit Shifting (BEPS), ២. ការយកពន្ធលើសហគ្រាសពហុជាតិ ដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងស៊ីជម្រៅខ្លាំង ជាពិសេសក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល ការយកពន្ធលើប្រតិបត្តិការហិរញ្ញវត្ថុ ការដោះស្រាយវិវាទ, ទី៣. អនុវត្តរបបសារពើពន្ធចំពោះសហគ្រាសធុនតូចនិងសហគ្រាសធុនមធ្យម។
ការសិក្សានេះ គឺក្នុងនោះន័យ ដើម្បីជម្រុញនិងចែករំលែកនូវបទពិសោធន៍ ឱ្យប្រទេសនិងស្ថាប័នពន្ធដារ ជាសមាជិកមានចក្ខុវិស្ស័យលើផ្នែកសារពើពន្ធរួមមួយក្នុងតំបន់ ក៏ដូចជាសកលោក សម្រាប់អនាគត។
បន្ថែមពីលើនេះផងដែរ កម្មវិធីនៃការបណ្តុះបណ្តាល សិក្ខាសាលា ព្រមទាំងកិច្ចសហការពហុភាគីលើការអាទិភាពទាំងនោះផងដែរ ត្រូវបានដាក់ចេញដោយមានកិច្ចសហការជារវាងប្រទេសនិងស្ថាប័នពន្ធដារ ជាមួយនឹង IMF, World Bank, ADB, UN, OECD, IBFD, AOTCA និង CIAT៕