(វ៉ាស៊ីនតោន)៖ សេតវិមាន បានដាក់ចេញនូវគម្រោងថ្មី ដោយគ្រោងនឹងដករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex W.Tillerson ចេញពីតំណែង បន្ទាប់ទំនាក់ទំនងរវាងលោកជាមួយប្រធានាធិបតីដូណាល់ត្រាំ ត្រូវរកាំរកូស ហើយជំនួសវិញដោយលោក Mike Pompeo ប្រធានភ្នាក់ងារ CIA ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក ដកស្រង់ដោយសារព័ត៌មាន New York Times ចេញផ្សាយនៅប៉ុន្មាននាទីមុននេះបន្តិច។
ជាមួយគ្នានេះដែរ តំណែងជាប្រធានភ្នាក់ងារ CIA របស់លោក Pompoe នឹងត្រូវបានជំនួសវិញ ដោយសមាជិកសភាលោក Tom Cotton ជាសមាជិកបក្សសាធារណរដ្ឋ មកពីរដ្ឋអាឡាស្កាដែលបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីអាមេរិក លើបញ្ហាសន្តិសុខជាតិ។លោក Cotton បានបង្ហាញសញ្ញាថា លោកនឹងទទួលតំណែងនេះ ប្រសិនបើមានការតែងតាំងលោកមែននោះ។
រហូតមកទល់ពេលនេះ យើងនៅមិនទាន់ច្បាស់នៅឡើយថាតើលោក ត្រាំ បានផ្តល់សេចក្តីសម្រេចចុងក្រោយស្តីពីគម្រោងនេះហើយឬនៅ ប៉ុន្តែលោកបានបញ្ជាក់ថា លោកពិតជាមានជម្លោះជាមួយលោក Tillerson ហើយត្រៀមជាស្រេចក្នុងការធ្វើកំណែទម្រង់ទៅលើក្រសួងការបរទេស។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសរូបនេះ ធ្លាប់បានហៅលោក ត្រាំថាជា«មនុស្សល្ងីល្ងើ» ខណៈដែលលោកត្រាំ បានរិះគន់ជាសាធារណៈទៅលើលោក Tillerson វិញថាបាន«បំផ្លាញពេលវេលារបស់លោក» ក្នុងកិច្ចការទំនាក់ទំនងការទូតជាមួយប្រទេស កូរ៉េខាងជើង៕