(ភ្នំពេញ)៖ ដោយសារកំណើនទេសចរជាតិ-អន្តរជាតិមកទស្សនាកម្ពុជា ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដ៏មមាញឹក លោក ថោង ខុន បានដាក់ចេញផែនការយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់ ដែលជាទិសដៅគន្លឹះស្របតាមស្ដង់ដារជាតិ និងអាស៊ាន ដើម្បីជំរុញឲ្យភាគីរដ្ឋ-ឯកជនពាក់ព័ន្ធទាំងអស់ ចូលរួមឲ្យបានផុសផុលក្នុងចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ នៅទូទាំងប្រទេស សំដៅស្រូបយកកំណើនទេសចរបន្ថែម ប្រកបភាពកក់ក្ដៅទំនុកចិត្ត។
ទិសដៅគន្លឹះសំខាន់ៗទាំងនោះ ត្រូវបានលោករដ្ឋមន្ត្រីប្រកាសជំរុញសារជាថ្មី ក្នុងសិក្ខាសាលាបូកសរុបចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី១ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួយវត្តមានចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអាជ្ញាធររាជធានី-ខេត្ត តំណាងផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ប្រមាណ ៥០០នាក់។
លោករដ្ឋមន្ត្រី ថោង ខុន រួមជាមួយអង្គសិក្ខាសាលាទាំងមូល បានឯកភាពដាក់ចេញនូវទិសដៅគន្លឹះសំខាន់ៗ ដូចខាងក្រោម៖
* ចំពោះការវិនិយោគរមណីយដ្ឋានទេសចរណ៍ គឺត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋានទេសចរណ៍គ្រប់ប្រភេទ ជារមណីយដ្ឋានដែលមានការគិតគូរបរិស្ថាន ភាពស្អាត ដោយក្រសួងទេសចណ៍នឹងរៀបចំគោលការណ៍ណែនាំ និងលក្ខណៈវិនិច្ឆ័យ សម្រាប់វាយតម្លៃគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍។ មន្ទីទេសចរណ៍រាជធានី-ខេត្ត ត្រូវខិតខំជំរុញឲ្យគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ទាំងរមណីយដ្ឋានគ្រប់គ្រងដោយរដ្ឋ ឯកជន និងសហគមន៍ ត្រូវមានអ្នកគ្រប់គ្រងច្បាស់លាស់ និងមានការរៀបចំនូវរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ផងដែរ និងត្រូវជំរុញឲ្យគ្រប់រមណីយដ្ឋានទាំងអស់ មានផែនការមេអភិវឌ្ឍន៍ច្បាស់លាស់ ដែលមានការទទួលស្គាល់ពីសាលារាជធានី-ខេត្ត និងក្រសួងទេសចរណ៍។
* ចំពោះបញ្ហាបរិស្ថានអនាម័យ ត្រូវខិតខំរក្សាឲ្យបាននូវភាពស្អាត និងបៃតង ពិសេសបញ្ឈប់ការបោះសំរាមចោលក្រោមតុ នៅតាមភោជនីយដ្ឋាននានា ក្រោមយុទ្ធនាការ «រមណីយដ្ឋានខ្ញុំ គ្មានទេសំរាមក្រៅធុង» ហើយម្ចាស់គ្រប់គ្រងរមណីយដ្ឋានទាំងអស់ ត្រូវតែសរសេរពាក្យអប់រំមិនឲ្យបោះសំរាមចោលផ្តេសផ្តាសខុសធុងសំរាម និងអប់រំភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្តឲ្យបានច្បាស់លាស់ជាមុន និងត្រូវបំពាក់ធុងសំរាមឲ្យបានគ្រប់គ្រាន់ និងធ្វើការបែងចែកសំរាមទៅតាមប្រភេទនីមួយៗ និងត្រូវរៀបចំជាក្រមប្រតិបត្តិអំពីប្រការគួរធ្វើ និងមិនគួរធ្វើដើម្បីផ្សព្វផ្សាយទៅដល់រមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។
* ចំពោះបញ្ហាសន្តិសុខ សុវត្ថិភាព គ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវដាក់ស្លាកសញ្ញាឲ្យបានគ្រប់គ្រាន់ ទាំងស្លាកបង្ហាញព័ត៌មាន និងស្លាកសញ្ញាបង្ហាញទីតាំងនានា ពិសេសស្លាកសញ្ញាបង្ហាញទីតាំងហាមឃាត់ និងតំបន់គ្រោះថ្នាក់ជាដើម និងត្រូវសហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងតំបន់ធ្វើការគ្រប់គ្រងលំហូរភ្ញៀវទេសចរឲ្យបានច្បាស់លាស់។
* ចំពោះការផ្សព្វផ្សាយ អង្គសិក្ខាសាលាបានគាំទ្រ និងដាក់ចេញនូវយុទ្ធនាការ «ខេត្តមួយ រមណីយដ្ឋានគំរូមួយ» និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក ក្រោមឈ្មោះស្រុកខ្ញុំជំរុំទេសចរណ៍ ដោយត្រូវរៀបចំពាក្យស្លោកផ្សព្វផ្សាយទេសចរណ៍សម្រាប់ខេត្តរបស់ខ្លួន ដើម្បីគាំទ្រដល់យុទ្ធនាការកាផ្សព្វផ្សាយរួមរបស់កម្ពុជាគឺ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆិរយៈ» និងជំរុញឲ្យមានការប្រកួតប្រជែងរូបថត វីដេអូ និងការប្រកួតប្រជែងនានា ស្តីពីរមណីយដ្ឋានទេសចរណ៍ ជាលក្ខណៈមហាជន ដើម្បីបំផុសគំនិតស្រលាញ់ជាតិមាតុភូមិ ក្រោមពន្លឺនៃសន្តិភាព។
ព្រមជាមួយនេះ វិស័យឯកជន ពិសេសទីភ្នាក់ងារទេសចរណ៍ទាំងអស់ ត្រូវរៀបចំខ្សែទស្សនកិច្ច និងនាំភ្ញៀវទេសចរឲ្យបានច្រើនទៅកាន់រមណីយដ្ឋានទាំងអស់ នៅទូទាំងប្រទេស និងត្រូវរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកឲ្យបានច្រើន សម្រាប់ប្រជាពលរដ្ឋ សិស្ស-និស្សិត បុគ្គលិកឯកជន កម្មករ-កម្មការិនី មន្ត្រីរាជការ ជាមួយតម្លៃសមរម្យ ព្រមជាមួយការប្រលងប្រជែងបុគ្គលឆ្នើមក្នុងការងារគ្រប់គ្រង និងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ ដែលនឹងត្រូវជូនរង្វាន់នាឱកាសប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី២ នាឆ្នាំ២០១៨។
គួរបញ្ជាក់ថា ឆ្នាំ២០១៦ កន្លងទៅ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ នាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ ដោយឡែក សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣.៩លាននាក់ កើនឡើងក្នុងអត្រា ១១.៥%។ តាមការព្យាករណ៍នៅឆ្នាំ២០១៧ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិនឹងមានប្រមាណ ៥.៦លាននាក់ និង ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារ បង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់។
ក្នុងមួយឆ្នាំៗ កម្ពុជាមានទេសចរក្នុងស្រុកប្រមាណ ១០លានាក់ ដើរកម្សាន្តក្នុងប្រទេស ខណៈចេញដើរកម្សាន្តក្រៅប្រទេសប្រមាណ ១.៣លាននាក់ ក្នុងកំណើនជាង ១០% ផងដែរ៕