(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនបរទេស២នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រងចាំជំនុំជម្រះតាមនីតិវិធីបន្ដទៀត។
សូមបញ្ជាក់ថា ជនបរទេសទាំង០២នាក់នេះ ត្រូវកម្លាំងសន្តិសុខធនាគារ ចាប់បញ្ជូនមកប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជនសង្ស័យបាននាំគ្នាគាស់ទូ ATM របស់ធនាគារ ABA បំណងលួចលុយ ប៉ុន្តែមិនបានសម្រេចក៏ត្រូវបុគ្គលិកធនាគារ ដែលជាអ្នកមើលតាមកាកាមេរ៉ាសុវត្ថិភាព ឃើញសកម្មភាពទាន់ពេល។
ហេតុការណ៍គាស់ទូ ATM របស់ធនាគារ ABA នេះ កើតឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ៣១ ផ្លូវលេខ២៤០ ភូមិទី១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាជនជាតិបេឡារូស ទី១៖ឈ្មោះ MAK SIMMOLOCNKOV អាយុ២៩ឆ្នាំ និងទី២៖ឈ្មោះ ALEXANDR BUBENKO អាយុ៣៩ឆ្នាំ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញមានវត្ថុតាងដូចជា ឧបករណ៍អេឡិចត្រូនិក សម្រាប់លួចលុយពីទូ ATM ចំនួនមួយ ក្រណាត់ឃ្លុំមុខ ចំនួនមួយ។
ប្រភពព័ត៌មានពីសន្តិសុខធនាគារ បញ្ជាក់ថា នៅវេលាកើតហេតុ មានជនបរទេស២នាក់ បានដើរមកទូ ATM របស់ធនាគារ ABA ខណៈនោះ ជនសង្ស័យម្នាក់ បានឈរចាំមើលផ្លូវ ហើយជនសង្ស័យម្នាក់ទៀត ចូលទៅក្នុងទូកញ្ចក់ដើម្បីធ្វើសកម្មភាព ប៉ុន្តែមិនទាន់បានសម្រេចផង ក៏ត្រូវអ្នកកាន់កាមេរ៉ាសុវត្ថិភាព ឃើញពីសកម្មភាពរបស់ជនសង្ស័យទាំង២នាក់នោះ ក៏ត្រូវកម្លាំងសន្តិសុខប្រចាំការឃាត់ខ្លួនបានភ្លាមៗ៕