(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងលោក ស្រ៊ុន ដារឹទ្ធ តំណាងក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្ត ស្រុក ចុះពិនិត្យស្ថានភាពព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងស្រុករវៀង។ នេះបើតាមការឲ្យដឹងពី លោក អ៊ុន ចាន់ដា ប្រាប់អង្គភាពព័ត៌មាន Fresh News។
បើតាមលោកអភិបាលខេត្ត លោក និងក្រុមការងារបានបន្តដំណើរចុះពិនិត្យលើទីតាំងស្នើសុំដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋដែលខ្វះខាត ដីសម្រាប់សាងសង់លំនៅដ្ឋាន ស្ថិតក្នុងឃុំរៀបរយ ស្រុករៀង ខេត្តព្រះវិហារ ដើម្បីលើកយោបល់សម្រេច ពីក្រសួងបរិស្ថាន ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗទៀត។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានជម្រុញឲ្យមន្ត្រីឧទ្យាននុរក្ស ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារ ភារកិច្ចឲ្យមានប្រសិទ្ធិភា ពិសេសត្រូវការពារសម្បត្តិធនធានធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃឲ្យនៅគង់វង្សស្រប តាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕