(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបង្ក្រាបបទល្មើសនេសាទមួយកន្លែង ក្នុងស្រុកកំពង់សៀម ដោយដកហូតវត្ថុតាងជាច្រើន និងប្រលែងកូនត្រីជាង២៥០គីឡូក្រាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះលោកបានចាត់បញ្ជាលោកអធិការស្រុកកំពង់សៀម ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគៀនជ្រៃ សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត និងសហគមន៍នេសាទ ចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់នៅចំណុចព្រែកគៀនជ្រៃ និងចំណុចពាមទន្លាដល់ចំណុចកន្ទិល។
ជាលទ្ធផលនៃប្រតិបត្តិការនេះ ត្រូវបានលោកស្នងការបញ្ជាក់ថា ដកហូតបានរបាំងបិទផ្ជិតព្រែកចំនួន០១កន្លែង, របាំងព្រួលប្រវែង១៥ម៉ែត្រ, លូស្បៃមុង ចំនួន២៤មាត់, របាំងស្បៃប្រវែង ៦២០ម៉ែត្រ, បង្គោលចម្រឹង ចំនួន៣៦០ដើម និងចាក់លែងកូនត្រីចំរុះ ចំនួន២៥៥គីឡូក្រាម។
ក្រោយប្រតិបត្តិការ វត្ថុតាងជំនាញជលផលបានយកមករក្សាទុកបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលជលផលខេត្ត ដើម្បីចាត់ការបន្ដ៕