(ភ្នំពេញ)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រតិភូក្រុមហ៊ុនសាជីវកម្មអភិវឌ្ឍន៍សំណង់ចិន ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងត្បូង បានបញ្ជាក់ថា ដោយសារមើលឃើញពីកំណើនទេសចរអន្តរជាតិ ដែលចូលមកទស្សនាប្រទេសកម្ពុជា កាន់តែកើនឡើងឥតឈប់ឈរនោះ ក្រុមហ៊ុនដ៏ធំរបស់រដ្ឋចិនមួយនេះ កំពុងសម្លឹងមើលឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងអគារស្នាក់នៅសម្រាប់ទេសចរនៅកម្ពុជា។
គោលបំណងនៃការជួបពិភាក្សាជាមួយលោករដ្ឋមន្ត្រី ថោង ខុន ដល់ទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបានលោក Gu Shan តំណាងភាគីក្រុមហ៊ុនចិន បានបញ្ជាក់ថា ដើម្បីទទួលបានព័ត៌មានបន្ថែមទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈក្រុមហ៊ុនរបស់លោកក៏បានមើលឃើញផងដែរ ពីសន្ទុះរីកចម្រើនឥតឈប់ឈរលើវិស័យទេសចរណ៍ និងវិស័យដទៃទៀតនៅកម្ពុជា ដែលហ៊ុព័ទ្ធដោយកំផែងនៃសន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ក្រោយបញ្ចប់ជំនួបពិភាក្សា លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ភាគីកម្ពុជា និងមិត្តចិត្តបានមើលឃើញថា ខណៈដែលភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន ទៅថ្ងៃអនាគត កម្ពុជានឹងប្រឈមនឹងកង្វះកន្លែងស្នាក់នៅ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន បញ្ហាកន្លែងកម្សាន្តជាដើមផងដែរ ដូច្នេះហើយ ទើបក្រុមហ៊ុនមួយនេះកំពុងឈោងចាប់យកឱកាសវិនិយោគលើវិស័យទាំងនោះ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងទៅភាគីមិត្តចិនថា កម្ពុជាក៏មានតម្រូវការប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ ដូចជា ផ្លូវតភ្ជាប់ពីទីប្រជុំជនទៅកាន់គោលដៅទេសចរណ៍ ពិសេសតំបន់ឆ្នេរសមុទ្រ សាងសង់ព្រលានយន្តហោះថ្មីៗសម្រាប់អ្នកដំណើរ និងភ្ញៀវទេសចរ ព្រោះរយៈពេល៩ខែ ឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរចំនួន ៣.៦នាក់ទៅហើយ ក្នុងឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិ ៥.៥លានដុល្លារ ហើយនៅឆ្នាំ២០២០ ខាងមុខ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ផងដែរ។
លោក Gu Shan បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងអស់ដែលក្រុមហ៊ុនរបស់លោកអនុវត្តជាមួយកម្ពុជា គឺសុទ្ធតែស្របទៅតាមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ពិសេសគោលនយោបាយខ្សែក្រវាត់ និងវិថី សំដៅរឹតចំណងមិត្តភាពរបសប្រទេសទាំងពីរ។
ការពិភាក្សាជំហានដំបូងទទួលបានតម្រុយមួយចំនួន ជាមួយនឹងការបង្ហាញពីគំរូគម្រោង គំរូប្លង់ ផែនការមួយចំនួនផងដែរ ចំណែកការពិភាក្សាលម្អិតយ៉ាងណានោះ ភាគីទាំងពីរនឹងពិភាក្សានាពេលបន្តបន្ទាប់ទៀត៕